ការចាប់ផ្តើមចេញលក់ ឬរកស៊ីក្នុងវិស័យអចលនទ្រព្យ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែជោគជ័យនោះទេ ក្នុងនោះក៏មានអ្នករកស៊ីខាងដីធ្លីខាតបង់លុយកាក់ឡុងចុងដែរ។ ទោះយ៉ាងណា បើពិនិត្យមើលពីការអភិវឌ្ឍវិស័យអចលនទ្រព្យក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ បង្ហាញថា វិស័យនេះបានបន្តរីកចម្រើនជាលំដាប់ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត គឺសុទ្ធសឹងតែបានបង្ហាញពីតួលេខនៃការអភិវឌ្ឍកើនឡើងជាមួយនឹងសំណង់អគារលំនៅដ្ឋាន សំណង់អគារពាណិជ្ជកម្មខ្ពស់ៗ សំណង់សណ្ឋាគារ និងសំណង់លំនៅដ្ឋានលក្ខណៈបុរី។
តួលេខនេះបញ្ជាក់ថា មនុស្សមិនតិចនោះដែលកំពុងរកស៊ីប្រឡូកវិនិយោគលើវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា ស្របពេលជាមួយគ្នានេះក៏មានអ្នកមាន ឧកញ៉ា អ្នកឧកញ៉ា ជាច្រើននាក់ ពួកគាត់ទទួលបានជោគជ័យ បង្កើតភាពមានបាន និងទទួលគោរមងារឧកញ៉ា អ្នកឧកញ៉ា បន្ទាប់ពីរកស៊ីខាងវិស័យអលចនទ្រព្យ។
ទាក់ទងនឹងចំណុចនេះ អ្នកជំនាញអភិវឌ្ឍន៍អចលនទ្រព្យ លោកឧកញ៉ា ផន វណ្ណិត អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា បានលើកឡើងថា ការរកស៊ីខាងវិស័យអចលនទ្រព្យមិនមែនចេះតែជោគជ័យគ្រប់គ្នាទេ ប៉ុន្តែមិនមែនយើងគ្មានដំណោះស្រាយ ឬវិធីសាស្រ្តក្នុងការចាប់ផ្តើមដំណើរការចេញលក់ក្នុងទីផ្សារអចលនវត្ថុឲ្យទទួលបានជោគជ័យនោះដែរ។
បើតាមអ្នកជំនាញរូបនេះ ដើម្បីទទួលបានជោគជ័យលើវិថីអចលនទ្រព្យ គឺយើងត្រូវមានកត្តាជាច្រើន ប៉ុន្តែទីនេះលោកចង់លើកឡើង ៣ចំណុចដែលកន្លងមកលោកឧកញ៉ាធ្លាប់បានអនុវត្តទទួលជោគជ័យ ហើយក៏ចង់ឲ្យយុវជន ឬអ្នកចាប់ផ្តើមមានចំណងចង់វិនិយោគខាងដីធ្លីទទួលបានជោគជ័យ។
១.សមត្ថភាព៖ បើចង់ប្រឡូកក្នុងវិស័យអចលនទ្រព្យយើងត្រូវមានសមត្ថភាព ចំណេះដឹង និងដឹងអំពីការអភិវឌ្ឍនអចលនទ្រព្យឲ្យបានច្បាស់លាស់។
២.សម្ព័ន្ធភាព៖ ចង់ជោគជ័យក្នុងការរកស៊ីអចលនទ្រព្យយើងត្រូវមានសម្ព័ន្ធភាពឲ្យបានច្រើន ក្នុងការយល់ដឹងពីវិស័យអចលនទ្រព្យ ដូចជា បរិបទលូតលាស់នៃផ្នែកសេដ្ឋកិច្ច វិទ្យាសាស្រ្ត ក៏ដូចព័ត៌មានផងដែរ។
៣.លទ្ធភាព៖ ការណាយើងមានលទ្ធភាពហើយ យើងមានគំនិតច្នៃប្រឌិត គិតគូរបានវែងឆ្ងាយ ថាតើលទ្ធភាពរបស់យើងវិនិយោគនៅតំបន់ណាខ្លះ និងត្រូវចេះមើលដី ព្យាករណ៍រំពឹងថានឹងទទួលបានលទ្ធផលប្រឡប់មកវិញ ព្រោះនៅពេលដែលយើងយល់ដឹងពីលទ្ធភាពហើយធ្វើទៅមិនសូវខុសទេ។
ទន្ទឹមនឹងនេះ លោកឧកញ៉ា ផន វណ្ណិត ក៏បានផ្តល់អនុសាសន៍បន្ថែមថា៖ “យុវជនទាំងអស់ បើចង់ទទួលបានជោគជ័យ ទី១ ត្រូវមានការលះបង់ឲ្យចំគោលដៅដែលខ្លួនយើងចង់ធ្វើ, ទី ២ មានក្តីស្រឡាញ់ជាមួយនឹងអ្វីដែលយើងកំពុងតែធ្វើ មិនមែនឃើញគេស្រឡាញ់ គេជោគជ័យ ហើយយើងអត់ស្រឡាញ់ផង ចេះតែធ្វើតាមគេនោះគឺយើងមិនអាចទទួលបានជោគជ័យបានដែរ និងទី៣ អ្វីដែលយើងត្រូវធ្វើ កុំបោះបង់ដាច់ខាត ការបោះបង់ចោលមានន័យថា យើងចាប់ផ្តើមសារថ្មីជាមួយលេខសូន្យឡើងវិញ“៕