លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងអ្នកឧកញ៉ា ចេន ហ្សុី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅថ្ងៃទី៧ កញ្ញាម្សិលមិញ បានចូលរួមធ្វើពិធីបញ្ចប់អនុស្សរណៈយោគយល់គ្នា ដើម្បីបើកដំណើរការកម្មវិធីអាហារូបករណ៍ សម្រាប់និស្សិតថ្នាក់សាកលវិទ្យាល័យ នៅក្នុងប្រទេសកម្ពុជា។
អនុស្សរណៈយោគយល់គ្នានេះ ក្រុមហ៊ុន ព្រីនស៍ នឹងផ្តល់ថ្លៃសិក្សាពេញលេញជាមួយនិងប្រាក់ឧបត្ថម្ភដល់និស្សិតដែលបានជ្រើសរើសចំនួន ៤០០នាក់ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្ររបស់ពួកគេក្នុងសាកលវិទ្យាល័យល្បីៗនៅកម្ពុជា ដោយរួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ សរុបមក ព្រីនស៍ នឹងផ្តល់ថវិកាជាង ២លានដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេល ៧ឆ្នាំ។
ជាមួយគ្នានេះ ក្រុមហ៊ុន ព្រីនស៍ គ្រុប នឹងធ្វើការជាមួយក្រសួងអប់រំយុវជន និងកីឡា ដើម្បីធានាបានថា និស្សិតទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ការបណ្តុះបណ្តាល ការណែនាំបង្ហាត់បង្ហាញ និងឱកាសការងារ ដើម្បីជំរុញដល់ការសិក្សាក្នុងវិស័យចំនួនបី៖ ការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យអចលនទ្រព្យ ការជំរុញនៃការរួមបញ្ចូលហិរញ្ញវត្ថុ និងសេដ្ឋកិច្ចឌីជីថលនៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងការលើកកម្ពស់ស្តង់ដារបដិសណ្ឋារកិច្ចលំដាប់ពិភពលោក ដើម្បីបំពេញតម្រូវការមូលធននៃធនធានមនុស្ស នាពេលអនាគតសម្រាប់សេដ្ឋកិច្ចក្នុងតំបន់។
គួរបញ្ជាក់ថាព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដដ៏ធំមួយនៅកម្ពុជា ដែលមានអង្គភាពជាច្រើនធ្វើការផ្តោតលើវិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន៕