អ្នកឧកញ៉ា គិត ម៉េង បង្ហាញវិស័យសំខាន់ៗចំនួន ៤ជាអាទិភាពក្នុងកិច្ចសន្ទនារវាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន

ជុំវិញ​ឧកញ៉ា

កម្ពុជាបានចូលរួមដឹកនាំកិច្ចសន្ទនារវាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ជាមួយនិងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដែលប្រព្រឹត្តទៅក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៣ នៅថ្ងៃទី០៨ ខែកញ្ញា ម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចសន្ទនាឆ្នាំនេះ កម្ពុជាដំណាងដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានបន្តវេននៃក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក្រោមវត្តមានលោក ឌាតូ វេជ្ជបណ្ឌិត អាមីន ឡូ អាប់ឌូឡា រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងសេដ្ឋកិច្ច II នៃប្រទេសប្រុយណេដារូសាឡឹម និងជាប្រធានអង្គប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងអំពីការត្រៀមលក្ខណៈធ្វើជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជានៅឆ្នាំ២០២២ ដោយបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន វិស័យសំខាន់ជាអាទិភាពរួមមាន សុខាភិបាល សេដ្ឋកិច្ច ការផ្លាស់ប្តូរឌីជីថល ការស្តារសេដ្ឋកិច្ចប្រកបដោយចីរភាព និងគម្រោងអាទិភាពផ្សេងៗទៀត។

ទន្ទឹមនឹងនោះ កិច្ចសន្ទនាបានបង្ហាញឲ្យដឹងអំពីការគាំទ្ររបស់វិស័យឯកជនចំពោះគោលដៅសេដ្ឋកិច្ចជាអាទិភាពនានា។ លើសពីនេះក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានក៏បានបង្ហាញអំពី ចំណុចអាទិភាព វឌ្ឍនភាពការងារ អនុសាសន៍ ក៏ដូចជាសំណើនានា និងបានស្នើសុំការអនុម័តនានាពីរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន។

សូមបញ្ជាក់ថា គម្រោងជាកេរ្តិ៍ដំណែល (Legacy Projects) និងគម្រោងបច្ចុប្បន្នផ្សេង ដែលដឹកនាំដោយប្រទេសនីមួយៗ ត្រូវបានបង្ហាញក្នុងអង្គប្រជុំ មានជាអាទិ៍ កម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន ការស្តារសេដ្ឋកិច្ចបៃតង និងចីរភាព ច្រកធ្វើដំណើរ សុខភាព ការទិញវ៉ាក់សាំង និងបរិក្ខាពេទ្យរួមគ្នា ការសម្រួលពាណិជ្ជកម្មចំពោះវិធានមិនមែនពន្ធគយ និងរបាំងមិនមែនពន្ធគយ ការតភ្ជាប់ពាណិជ្ជកម្មឌីជីថល និងការផ្តល់សច្ចាប័នកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP)៕