តំបន់កម្សាន្តបែបធម្មជាតិ មួយកន្លែងទៀត ឈ្មោះ “រីសត ជេតស៍ ឧត្តម” ត្រូវបានលោក ឧកញ៉ា ស្រី ចាន់ថន រៀបចំឡើងយ៉ាងស្រស់ស្អាត និងទាក់ទាញ មានទីតាំងស្ថិតនៅ ស្រុកស្រែអំបិល ខេត្តកោះកុង។

ក្នុងទស្សនៈវិស័យដ៏វែងឆ្ងាយ លោក ឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់ពីគោលគំនិត ដែលឈានដល់ការផ្ដួចផ្ដើមបង្កើត រីសត ជេតស៍ ឧត្តម នេះថា ដោយសារតែលោក មើលឃើញថា វិស័យឧស្សាហកម្មគ្មានផ្សែងនេះ ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យដទៃទៀត ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងស្របតាមគោលនយោបាយវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសវិស័យនេះ កំពុងតែទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែការរីករាលដាលនៃជម្ងឺកូវីត-១៩ ទើបលោកសម្រេចរៀបចំតំបន់កម្សាន្តនេះឡើង។


តាមរយៈការបង្កើត “រីសត ជេតស៍ ឧត្តម” នេះឡើង ម្ចាស់ក្រុមហ៊ុន Jet’s Group រំពឹងថា នឹងអាចជួយគាំទ្ររាល់សកម្មភាពទេសចរណ៍ក្នុងស្រុកបានមួយផ្នែក រួមទាំងជួយដល់បងប្អូនសហគមន៍ នៅក្នុងមូលដ្ឋាន អាចមានការងារធ្វើ មានចំនូលបន្ថែមដោយផ្ទាល់ និងដោយប្រយោល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកំពស់សេដ្ឋកិច្ចជាតិ ក៏ដូចជាជួយលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុក ហើយវាក៏អាចចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសផងដែរ។
លើសពីនេះ លោកឧកញ៉ា ស្រី ចាន់ថន ក៏បានប្ដេជ្ញាថា នឹងខិតខំចូលរួមអភិវឌ្ឍន៍កៃច្នៃតំបន់ទេសចណ៍ធម្មជាតិដែលប្រកបដោយនិរន្តភាព នៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ។ លោកថា គោលដៅជាច្រើនតាមបណ្ដាខេត្តជាច្រើនដែលស្ថិតក្នុងការសិក្សារ និងកំពុងបើកដំណើរការ។



សម្រាប់ស្រុកស្រែអំបិល ខេត្តកោះកុង លោកឧកញ៉ា ស្រី ចាន់ថន កត់សម្គាល់ឃើញថា ជាតំបន់ដែលពោរពេញទៅដោយតំបន់អេកូធម្មជាតិដ៏គួរអោយទាក់ទាញ ដូចជា ស្ទឹងពពក ទំនប់វារីអគ្គសនី៣ ទឹកធ្លាក់អណ្ដាតពង្រូល ឆ្នេរនេសាទ កោះខ្យង និងដឹងស្ទឹង ព្រៃភ្នំ និងប្រាសាទអង្គភ្នំខ្លុងក្បែរស្ពានស្រែអំបិល ជាដើម។
បច្ចុប្បន្ន “រីសត ជេតស៍ ឧត្តម” ស្ថាបនាឡើងបាន ៩០% ហើយ និងបានបើកដំណើរការស្វាគមន៍ភ្ញៀវទេសចរបណ្ដើរៗផងដែរ។ ទន្ទឹមគ្នានោះ តំបន់ទេសចរណ៍កែឆ្នៃបែបធម្មជាតិធំៗ ២ កន្លែងទៀត ក៏កំពុងដំណើរការសាងសង់ នឹងអាចបើកដំណើរការជាបន្តបន្ទាប់ក្នុងពេលឆាប់ៗខាងមុខផងដែរ៕


