វាជារឿងដែលត្រូវតែមានការប្រុងប្រយ័ត្ន សម្រាប់ម្ចាស់អាជីវកម្មលើការផ្ដល់រង្វាន់ជូនអតិថិជនប្រសិនបើមិនមានការពិនិត្យឲ្យបានច្បាស់លាស់ទេនោះអាចនឹងមានបញ្ហា ជាក់ស្ដែងក្នុងថ្ងៃនេះ ក្រុមហ៊ុន ហ៊ួត ជា ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សំភារៈសំណង់ល្បីឈ្មោះមួយនៅកម្ពុជា បានជួបបញ្ហាធំមួយ លើការផ្ដល់រង្វាន់នេះ ដោយសារតែមានអតិថិជនត្រូវរង្វាន់ម៉ូតូ ពីក្រុមហ៊ុនរហូតដល់ទៅ១០៥ គ្រឿងក្នុងមួយថ្ងៃ ទាំងនេះក៏ព្រោះតែ ខាងក្រុមហ៊ុនទទួលបោះពុម្ពសន្លឹកឆ្នោត បានបោះពុម្ពលើស ចំនួនដែលក្រុមហ៊ុនកំណត់។
លោក ហ៊ួត ជា ម្ចាស់ ក្រុមហ៊ុន ហ៊ួត ជា បានថ្លែងឲ្យ ដឹងថា នៅថ្ងៃនេះ ក្រុមហ៊ុនរបស់លោកបានជួបបញ្ហាមួយមិនធ្លាប់ជួបកន្លងមក ដែលអាចថាជាមេរៀនផង គឺកម្មវិធីផ្ដល់រង្វាន់ដើម្បីអបអរ ពិធីបុណ្យ អ៊ុំទូក អកអំបុក សំពះព្រះខែដល់អតិថិជនដែលបានទិញសម្ភារៈពីក្រុមហ៊ុនគ្រប់សាខាទាំងអស់ក្នុងប្រទេសកម្ពុជា មានអ្នកឈ្នះរង្វាន់ ជាច្រើនសន្ធឹកសន្ទាប់ គ្រានតែ១ថ្ងៃសោះ មានអ្នកឈ្នះរង្វាន់ម៉ូតូ រហូតដល់ទៅ១០៥គ្រឿង ខណៈដែលក្រុមហ៊ុន បានជួលឲ្យក្រុមហ៊ុនបោះពុម្ព មិនដល់ចំនួននោះឡើយ។ បន្ថែមលើនោះ រង្វាន់សន្លឹកឆ្នោតដែល ចេញទៅនោះ មិនមានត្រាចេញពីក្រុមហ៊ុនទៅទៀត។
លោកបញ្ជាក់ថា ខាងក្រុមហ៊ុនទទួលបោះពុម្ពនោះបានបោះពុម្ពលើសចំនួន ហើយ បច្ចុប្បន្នខាងក្រុមហ៊ុនរបស់លោកកំពុងតែឲ្យមេធាវី ដោះស្រាយបញ្ហានេះ៕