អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកផលិតកម្ម Galaxy Navatra នៅព្រឹកថ្ងៃសុក្រ ខែកញ្ញា នេះបានអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅប្រគល់ដល់លោក ជាវ តាយ អភិបាលខេត្តកំពត ដើម្បីចូលរួមក្នុងការងារមនុស្សធម៌ និងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
អំណោយសប្បុរសធម៌របស់អ្នកឧកញ៉ាចិត្តធម៌ ឡេង ណាវ៉ាត្រា នាំមកប្រគល់ជូនដល់រដ្ឋបាលខេត្តនៅពេលនេះ រួមមាន៖ ថវិកាចំនួន ១០០លានរៀល អង្ករ ចំនួន ២០តោន ម៉ាស់ ចំនួន ១០០,០០០ ម៉ាស់ និងអាល់កុលចំនួន ១,០០០លីត្រ ផងដែរ។
ក្នុងឱកាសនោះ លោក ជាវ តាយ ក៏បានថ្លែងអំណរគុណ ដល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបាននាំយកនូវអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាពេលនេះ។
លោកបានបញ្ជាក់ថា សម្តេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះនឹងជំងឺកូវីដ-១៩ និងបានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការជួយដល់ជនរងគ្រោះ ងាយរងគ្រោះ និងរងផលប៉ះពាល់ពីជំងឺដ៏កាចសាហាវមួយនេះ។ អំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេលោកនឹងផ្តល់ជូនដល់រដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់៕