ក្រសួងមហាផ្ទៃបានបើកកិច្ចប្រជុំអន្តរក្រសួង តាមប្រព័ន្ធអនឡាញហ្សូម (Zoom) នៅថ្ងៃទី១៧ ខែកញ្ញា នេះ ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា ក្រោមវត្តមានលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ដោយមានការចូលរួមពីអនុប្រធាន និងសមាជិកក្រុមការងារអន្តរក្រសួង។
ការបើកកិច្ចប្រជុំនេះធ្វើឡើង បន្ទាប់ពីរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ បានបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាស្រាវជ្រាវ ផ្តួចផ្តើមក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា និងសិក្សាស្រាវជ្រាវច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ដើម្បីជាធាតុចូលសម្រាប់រៀបចំការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា ដែលមានសមាសភាពចំនួន ១២រូប ក្នុងនោះមានលោក ប៊ុន ហុន ជាប្រធាន និងអនុប្រធាន ១រូប ព្រមទាំងសមាជិកចំនួន ១០រូបដែលជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។
បើតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្រុមការងារនេះនឹងត្រូវសិក្សាអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ឧកញ៉ាក្នុងការចូលរួមកិច្ចការសង្គម ធ្វើការពិគ្រោះយោបល់ជាមួយបណ្តាក្រសួង ស្ថាប័ន អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មាន បម្រើឱ្យការរៀបចំបែបបទ និងនីតិវិធីនៃការគ្រប់គ្រងឧកញ៉ា ការស្នើសុំផ្តល់គោរមងារឧកញ៉ា អ្នកឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។
សូមបញ្ជាក់ជូនថា នៅប្រទេសកម្ពុជាគិតមកដល់ពេលបច្ចុប្បន្នគោរមងារឧកញ៉ាត្រូវបានបែងចែកជា ៣ កម្រិត ឧកញ៉ា អ្នកឧញ៉ា និងលោកឧកញ៉ា ខណៈដែលគោរមងារឧកញ៉ាមានស័ក្តិតូចជាង អ្នកឧកញ៉ានិងលោកឧកញ៉ា ហើយគោរមងារអ្នកឧញ៉ាមានស័ក្តិតូចជាងលោកឧកញ៉ា។
គិតមកដល់ឆ្នាំ ២០២១នេះ មិនទាន់មានឯកសារណាមួយបង្ហាញឲ្យដឹងនូវចំនួនសរុប ពាណិជ្ជករ និងសប្បុរសជនខ្មែរព្រមទាំងបរទេសរស់នៅប្រទេសកម្ពុជា ដែលទទួលបានគោរមងារជាឧកញ៉ា នៅឡើយទេ។ បើតាមការបញ្ជាក់ពីមន្រ្តីក្រសួងព្រះបរមរាជវាំងម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មានឧកញ៉ាញូស៍ ពេលកន្លងមកថា ក្នុងរយៈពេលនេះ ឧកញ៉ាសរុបនៅស្រុកខ្មែរមានចំនួន ១,០៧០ នាក់ ដែលចេញព្រះរាជក្រឹត្យ និងថ្ងៃខែឆ្នាំដែលត្រូវបានតែងតាំង។
គួររម្លឹកជូនថា អនុក្រឹត្យថ្មីមួយចេញផ្សាយកាលពីឆ្នាំ ២០១៧ បុគ្គលដែលទទួលបានគោរមងារឧកញ៉ា ទាល់តែមានការចូលរួមក្នុងការអភិវឌ្ឍសង្គម ដោយផ្តល់ជាប្រាក់ ឬសម្ភារៈ ដែលមានតម្លៃលើពី ៥០ ម៉ឺនដុល្លារ។ កាលពីមុន សប្បុរសជនដែលបរិច្ចាគធនធានជូនរដ្ឋលើសពី ១០ ម៉ឺនដុល្លារឡើងទៅ ទើបទទួលបានគោរមងារដែលប្រទានដោយព្រះមហាក្សត្រ តាមការស្នើសុំពីនាយករដ្ឋមន្ត្រី។
សម្រាប់អ្នកទទួលងារជា អ្នកឧកញ៉ា វិញ គឺមិនទាន់មានឯកសារបញ្ជាក់ចំនួនថវិកា ឬលក្ខខ័ណ្ឌជាក់លាក់ណាមួយនៅឡើយទេ៕