តើវប្បធម៌និងប្រពៃណីគឺជាអ្វី? ហេតុអ្វីបានជាការគោរពប្រតិបត្តិឱ្យបានតឹងរុឹងនូវវប្បធម៌និងប្រពៃណី តំណាងឱ្យអត្តសញ្ញាណរបស់យើង? រាល់ទំនៀមទម្លាប់មានប្រភព និងរឿងដំណាលជាច្រើន។
អ្នកឧកញ៉ាគិត ម៉េង បានលើកឡើងថា ពិធីបុណ្យសាសនារបស់ប្រជាជនកម្ពុជាដ៏ធំបំផុតមួយ គឺភ្ជុំបិណ្ឌក៏មានប្រវត្តិដ៏គួរឱ្យស្ញប់ស្ញែងដែរ។ ថ្ងៃនេះគឺជាថ្ងៃដំបូងនៃពិធីបុណ្យកាន់បិណ្ឌ។ ពិធីបុណ្យភ្ជុំបិណ្ឌមានរយ:ពេល១៥ថ្ងៃ តាមប្រពៃណីជាតិ។ ការប្រកាន់ខ្ជាប់ក្នុងការប្រារព្ធពិធីបុណ្យនេះ មានតម្លៃផងដែរ ដើម្បីរំលឹកដល់យុវជនជំនាន់ក្រោយ និងជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា បានយល់អំពីសារៈសំខាន់នៃបុណ្យភ្ជុំបិណ្ឌនិងអត្ថន័យរបស់ពិធីនេះ។
បើតាមអ្នកឧកញ៉ា ពាក្យ ភ្ជុំបិណ្ឌ បានមកពី“ ភ្ជុំ” ដែលមានន័យថាការប្រមូលផ្តុំ ឬការជួបប្រជុំ ចំណែកឯពាក្យ “ បិណ្ឌ” សំដៅលើ ដុំបាយ។ ដូច្នេះ ពាក្យនេះត្រូវបានសំដៅយ៉ាងងាយស្រួលថាជា “ការជួបជុំ ឬការប្រមូលផ្តុំដុំបាយ” (ការពូតដុំបាយជាដុំៗ ដែលភាសាខ្មែរយើង ហៅថា “បាយបិណ្ឌ”) ។
អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌគឺជាពិធីដ៏សំខាន់មួយសម្រាប់អ្នកឧកញ៉ា ក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេស។ ក្នុងនាមជាជនជាតិខ្មែរម្នាក់ អ្នកឧកញ៉ាជឿជាក់លើការប្រារព្ធពិធីបុណ្យដ៏ពិសិដ្ឋនេះ ដែលឧទ្ទិសដល់អ្នកជាទីគោរព និងស្រឡាញ់ដែលបានចែកឋានទៅ។ វាជាពេលដែលត្រូវនាំយកទេយ្យវត្ថុ ជាបច្ច័យ និងគ្រឿងឧបភោគបរិភោគប្រគេនដល់ព្រះសង្ឃនៅវត្ត ហើយឧទ្ទិសបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនជាមួយគ្រួសារ ក៏ដូចជាគោរពអត្តសញ្ញាណនិងវប្បធម៌ជាតិឱ្យបានខ្ជាប់ខ្ជួន។ ការប្រកាន់ខ្ជាប់នូវប្រពៃណីនិងវិន័យ ក៏ផ្តល់នូវស្ថិរភាពក្នុងជីវិត ដែលពោរពេញទៅដោយការផ្លាស់ប្តូរឆាប់រហ័សក្នុងសង្គម។
តាមទស្សនៈអ្នកឧកញ៉ា វប្បធម៌និងប្រពៃណី ក៏ជួយឱ្យមានមូលដ្ឋានក្នុងការរស់នៅផងដែរ។ ទំនៀមទម្លាប់ដ៏សំខាន់បំផុតមួយដែលគ្រួសារអាចធ្វើបានជាទូទៅ គឺទទួលទានអាហារពេលព្រឹក ឬអាហារពេលល្ងាចជាមួយគ្នា។ វប្បធម៌រំលឹកយើងថា យើងជានរណា និងមកពីកន្លែងណា។ វាក៏ផ្តល់ឱ្យយើងនូវអ្វីដែលត្រូវទន្ទឹងរង់ចាំ អ្វីដែលសង្ឃឹម និងជួយយើងឱ្យប្រមើលមើលអ្វីដែលមិនទាន់មកដល់។ អនុស្សាវរីយ៍ដែលភ្ជាប់ទៅនឹងទំនៀមទម្លាប់នៃជីវិតរបស់យើង ពង្រឹងការប្រាស្រ័យនិងទំនាក់ទំនងរបស់យើង។ សកម្មភាពទាំងនោះក៏ធ្វើឱ្យយើងមានអារម្មណ៍ភ្ជាប់ទៅនឹងពេលវេលា ទីកន្លែង ឬមនុស្ស។ខ្ញុំសូមលើកទឹកចិត្តអ្នករាល់គ្នាឱ្យចំណាយពេលវេលា ដើម្បីប្រារព្ធពិធីបុណ្យប្រពៃណីដ៏មានអត្ថន័យរបស់ជាតិយើងឱ្យបានច្រើន។
បើតាមអ្នកឧកញ៉ា ជាធម្មតា សកម្មភាពទាំងនោះ ត្រូវការពេលវេលានិងការខំប្រឹងប្រែងក្នុងការអនុវត្ត។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ការខិតខំទាំងនោះពិតជាមានន័យ! អត្ថប្រយោជន៍និងឥទ្ធិពលនៃការបង្កើតនិងការរក្សាប្រពៃណីនឹងផ្តល់ឱ្យយើងលើសពីកិច្ចខិតខំប្រឹងប្រែង។
លើកឡើងបន្ថែម អ្នកឧគញ៉ាបានមើលឃើញភាពរីករាយនិងអារម្មណ៍នៃភាពជាម្ចាស់ការអាចឲ្យដឹងថា វប្បធម៌និងប្រពៃណីពិតជាមានតម្លៃ សម្រាប់ការចំណាយពេលវេលាក្នុងការប្រារព្ធពិធីបុណ្យទាំងនោះ៕