
សេដ្ឋីកសិឧស្សាហកម្មដ៏ល្បីល្បាញអ្នកឧកញ៉ា ម៉ុង ឫទ្ធី មានក្បួនក្នុងការអប់រំកូនចៅ និងការរក្សាចំណងអាពាហ៍ពិពាហ៍យូរអង្វែង ខណៈឧកញ៉ាដែលមានកូន ថែមទាំងចៅទៀតនេះ នៅរក្សាចំណងគ្រួសារបានយ៉ាងល្អក្នុងជីវិតគ្រួសារជាង ៤០ ឆ្នាំ។
ឧកញ៉ា ម៉ុង ឫទ្ធី បានទម្លាយពីគុណភាពជីវិតទាំងការងារ គ្រួសារនិងចំណងអាពាហ៍ពិពាហ៍ ប្រកបដោយក្តីសោមនស្ស។
អ្នកឧកញ៉ា ម៉ុង ឫទ្ធី មានក្បួនណែនាំប្រដៅកូនចៅក្នុងគ្រួសារ បើទោះបីកូនធ្វើខុសយ៉ាងណា ក៏ឪពុកម្ដាយតែងតែអភ័យទោសឲ្យជាដរាប។ តែដោយប្រកាន់យកទស្សនៈ (កម្ម:) ប្រែមកថាជាអំពើ អ្នកឧកញ៉ាបានក្រើនរំលឹកដល់កូនៗកុំធ្វើបាបទឹកចិត្តឪពុកម្ដាយ។ កូនចៅទាំងអស់គ្នាត្រូវយល់ថា បើកូនៗធ្វើបាបទឹកចិត្តឪពុកម្តាយ ក៏នឹងទទួលបាបចិត្តពីកូនតបស្នងវិញ។
ទាក់ទងការរស់នៅក្នុងសង្គម ក្នុងនាមឪពុកមានទាំងតួនាទីធំក្នុងរាជការ និងជាអ្នកជំនួញផង អ្នកឧកញ៉ាផ្ដាំឱ្យកូនពេលបន្តវេនរកស៊ីពីឪពុកម្តាយ កុំធ្វើអំពើទុច្ចរិត ប្រកបរបរដែលសង្គមស្អប់ខ្ពើម ដូចជាកាប់បំផ្លាញព្រៃឈើ ការជួញដូរគ្រឿងញៀន សេពគ្រឿងស្រវឹងជាដើម។ ចៀសវាងប្រព្រឹត្តអំពើដែលច្បាប់ហាមឃាត់ ត្រូវខិតខំប្រឹងប្រែងរិះរកគ្រប់មធ្យោបាយទសាងតែអំពើល្អ កុំធ្វើបាបប្រជាជន។ ត្រូវរស់ឲ្យមានកិត្តិយស និងត្រូវចេះសាមគ្គីគ្នារវាងបងនិងប្អូន។

អ្នកឧកញ៉ាដែលមានឈ្មោះដើមហៅក្រៅ កា សៀកហៀង ក៏មហាជនទទួលស្គាល់មានឧត្តមភរិយាដ៏សែនសមញ្ញបំផុតម្នាក់ គឺលោកជំទាវជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី។ មានស្វាមីជាសេដ្ឋី ងារជាឧកញ៉ា ថែមទាំងមានយសស័ក្កធំទៀតនោះ តែលោកជំទាវមិនធ្លាប់ទុកខ្លួនឲ្យទំនេរទេ គឺតែងធ្វើការងារផ្ទះជាប្រចាំដូចនារីធម្មតាម្នាក់គឺនៅតែធ្វើផ្អកប្រហុក ត្រីងៀត ទោះបីជាប្តីជាសេដ្ឋីហើយក៏ដោយ ។
អ្នកឧកញ៉ាបានបញ្ជាក់ថា ភាពមានបានរបស់លោក ក៏ជាចំណែករបស់ប្រពន្ធផងដែរ។ អ្នកឧកញ៉ាបានលើកពីចំណងអាពាហ៍ពិពាហ៍ ដែលអាចរក្សាបានយូរអង្វែងជាមួយភរិយាដល់ចាស់រៀងខ្លួន គឺអាស្រ័យលើភាគីទាំងសងខាង មានភាពស្មោះឱ្យគ្នា យោគយល់គ្នា សន្ដោសប្រណី ចេះលើកលែងចេះអភ័យទោស ពេលមានឧកសគ្គ មានបញ្ហាត្រូវតែជម្នះ ពុះពារទៅជាមួយគ្នា។
ចំណងស្នេហារវាងអ្នកឧកញ៉ាជាមួយនឹងភរិយា គឺការផ្ដល់ទំនុកចិត្ត និងព្យាយាមយល់ចិត្តគ្នាទៅវិញទៅមក។ ជាក់ស្ដែងលោកជំទាវ ម៉ែន ស៊ុន មិនដែលទាមទារថ្ងៃសៅរ៍អាទិត្យថាត្រូវតែនាំជូនទៅផ្សារទំនើប ឬត្រូវកំដរទៅនេះទៅនោះ។ ប្រសិនបើលោកមានកិច្ចការងារ ត្រូវចុះទៅចម្ការដំណាំផ្សេងៗ ភរិយារបស់លោកភាគច្រើន នឹងទៅជួយកិច្ចការងារផ្សេងៗជាមួយគ្នា ដែលនេះហើយជាការផ្ដល់នូវទំនុកចិត្ត និងការយល់ចិត្តគ្នាដែលជាមូលហេតុអាចជួយឱ្យចំណងគ្រួសារមានសុភមង្គល។

សូមរំលឹកផងដែរថា ចំណងអាពាហ៍ពិពាហ៍របស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី និងលោកជំទាវម៉ែន ស៊ុន គឺស្រឡាញ់គ្នាកាន់ដៃគ្នាអស់រយៈពេល ៤៣ ឆ្នាំហើយ ប៉ុន្តែនៅអាចរក្សាចំណងស្នេហាមួយនេះយ៉ាងរឹងមាំ ហើយប្រវត្តិនៃស្នេហាជាមួយនឹងឧត្ដមភរិយាលោក គឺផ្ដើមចេញពីការរៀបការនៅជំនាន់ប៉ុលពតនៅក្នុងឆ្នាំ ១៩៧៨ ។ កាលពីថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០២១ កន្លងមកនេះ គឺជាខួប ៤៣ ឆ្នាំនៃស្នេហាអ្នកឧកញ៉ា និងលោកជំទាវ៕
