បើកឡាន Rolls Royce និយាយទូរស័ព្ទភ្លេចខ្លួន ឧកញ៉ាបណ្ឌិត គីម ហ៊ាង អស់លុយ ១២ម៉ឺនរៀល ទាំងព្រលឹម

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia ដែលតែងតែធ្វើដំណើរទៅណាមកណាដោយបើករថយន្តប្រណិតម៉ាក Rolls Royce ពណ៌ស ដោយខ្លួនឯង កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ រងការផាកពិន័យចំនួន​ ១២ម៉ឺនរៀល ដោយសារខុសច្បាប់ចរាចរណ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយត្រូវប៉ូលិសផាកអស់លុយជាង ១២ម៉ឺនរៀលក្ដៅៗ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបង្ហោះសារពញ្ញាក់អារម្មណ៍ដល់អ្នកលេងបណ្ដាញសង្គម និងម្ចាស់យានយន្តទាំងអស់យ៉ាងដូច្នេះថា៖  

1. ច្បាប់ត្រូវបានបង្កើតឡើងដោយមនុស្ស ដើម្បីអោយមនុស្សទាំងអស់អនុវត្តន៌ និងគោរពតាម ដោយស្មើភាពគ្នា!
2. ព្រឹកនេះខ្ញុំបាទ ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបើកឡានផ្ទាល់ខ្លួនប្រភេទ Rolls Royce ផ្លាកលខ KH.1979 ដោយបើកបរ និងនិយាយទូរសព្ទ័ ដែលខុសច្បាប់ចរាចរណ៌ផ្លូវគោក!
3. ខ្ញុំបាទ គីម ហ៊ាង សុខចិត្តទទួលកំហុស ព្រមបង់ការពិន័យ ដោយសន្យាថា ឈប់ធ្វើអញ្ចឹងទៀតហើយ និងសូមអំពាវនាវដល់អ្នកបើកបរទាំងអស់ កុំនិយាយទូរសព្ទ័ ពេលកំពុងបើកបរ ពិសេសប្រយត្ន័មានគ្រោះថ្នាក់ អាចរងការពិន័យ ហើយខ្មាសគេខ្លាំងណាស់ ដូចខ្ញុំបាទ គីម ហ៊ាង!

ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia និងជាអ្នកជំនាញខាងវិស័យអចលនទ្រព្យជើងចាស់នៅកម្ពុជាដដែលរូបនេះ បន្ថែមទៀតថា៖ “អស់ ១២០ ០០០រៀលទាំងព្រឹក ជារឿងតូច តែខ្ញុំពិតជាខ្មាសគេណាស់ ហើយសូមអោយអ្នកបើកបរទាំងអស់ កុំយកតាមគំរូអាក្រក់នេះ!”។

គួរបញ្ជាក់ បើយោងតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក រាល់ការប្រើប្រាស់ទូរស័ព្ទដៃពេលកំពុងបើកបរដោយគ្មានឩបករណ៌ភ្ជាប់ទំនាក់ទំនង ត្រូវពិន័យជាប្រាក់៖

  • ម៉ូតូ ត្រូវពិន័យជាប្រាក់ ៨០ ០០០ រៀល
  • រថយន្តធុនស្រាល ត្រូវពិន័យជាប្រាក់ ១២០ ០០០ រៀល
  • រថយន្តធុនធ្ងន់ ត្រូវពិន័យជាប្រាក់ ២២៥ ០០០ រៀល

អានអត្ថបទ៖ លោ​ក​ឧ​​កញ៉ា គី​ម ហ៊ា​​ង៖ ចំ​ណុ​ច ៥ នាំ​ឲ្យក​​ម្ពុជា អាច​ដើរ​​លឿន​ជាង​ប្រ​ទេស​ក្នុងតំបន់​អា​​ស៊ាន​ត្រឹម​​ឆ្នាំ​២០៥០