ឧកញ៉ា ស្រី ចាន់ថន នាំបុគ្គលិកសម្រុកធ្វើការទាំងយប់ត្រៀមចុះជួយប្រជាពលរដ្ឋ ៧០០គ្រួសារ ក្នុងតំបន់បិទខ្ទប់ ខេត្ដសៀមរាប

ជុំវិញ​ឧកញ៉ា

ស្របពេលដែលទីរួមខេត្តសៀមរាបកំពុងមានកូវីដផ្ទុះខ្លាំង និងដាក់ចេញនូវវិធានការបិទខ្ទប់ ព្រមទាំងដាក់តំបន់ខ្លះ ជាតំបន់ក្រហមផងនោះ ឧកញ៉ា ស្រី ចាន់ថន កាលពីរាត្រីថ្ងៃទី២២ ខែកញ្ញា ម្សិលមិញនេះ បានដឹកនាំបុគ្គលិកក្រោមឱវាទ ពន្លឿនការវេចខ្ចប់ចំណីអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនផ្សេងទៀត ដើម្បីត្រៀមចុះជួយដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបចំនួន ៧០០គ្រួសារ ស្ថិតក្នុងតំបន់បិទខ្ទប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សកម្មភាពសប្បុរធម៌ របស់ប្រធានក្រុមហ៊ុន Jet’s Group រូបនេះ ជាការចូលរួមឱ្យទាន់សភាពការណ៍ ជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តសៀមរាប ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋដែលរងការខ្វះខាត ត្រូវការជំនួយសង្គ្រោះបឋម ក្នុងតំបន់បិទខ្ទប់នៃខេត្តសៀមរាប។ ការខ្នះខ្នែងជួយយ៉ាងសស្រាក់សស្រាំ របស់លោកឧកញ៉ា ស្រី ចាន់ថន និងក្រុមការងារ គឺជាការចែករំលែកមួយដ៏ចាំបាច់ និងជាការលះបង់កំលាំងកាយចិត្តដ៏មុះមត់ ជួយគ្នាក្នុងគ្រាលំបាក។

ម្ចាស់ក្រុមហ៊ុនផ្ដល់សេវាកម្មខាងដឹកជញ្ជូន និងបញ្ញើរអ៊ីវ៉ាន់ឆាប់រហ័ស Jet’s Express Cambodia លោកឧកញ៉ា ស្រី ចាន់ថន បញ្ជាក់ថា៖ “ខ្មែរជួយខ្មែរ ជួយគ្នាក្នុងគ្រាជួបទុក្ខលំបាក! ស្អែកជួបបងប្អូនខេត្តសៀមរាប ៧០០គ្រួសារ”។

យុទ្ធនាការចុះចែកជំនួយឧបត្ថម្ភដល់ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ខេត្តសៀមរាប របស់ឧកញ៉ា ស្រី ចាន់ថន នឹងទៅដល់ដៃបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាននោះ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្រោមការសហការ និងសម្របសម្រួលពីរដ្ឋបាលខេត្តផងដែរ។

គួរបញ្ជាក់ថា បន្ទាប់ពីមានការផ្ទុះករណីឆ្លងវីរុសកូវីដ១៩ លក្ខណៈសហគមន៍ក្នុងខេត្ត រដ្ឋបាលខេត្តសៀមរាប បានសម្រេចប្រកាសដាក់ទីរួមខេត្តជាតំបន់ក្រហម ក្រោមការបិទខ្ទប់មិនឱ្យពលរដ្ឋចេញចូលឡើយ។ ទន្ទឹមគ្នានោះ តាមតំបន់នៃស្រុកមួយចំនួនផ្សេងទៀត ក៏ត្រូវបានអាជ្ញាធរប្រកាសជាតំបន់លឿងទុំផងដែរ ខណៈដែលឃុំមួយចំនួនក្នុងភូមិសាស្ត្រស្រុកពួក ក៏ត្រូវបានចាត់ចូលជាតំបន់លឿងទុំ ចាប់ពីថ្ងៃទី២៣ ខែកញ្ញានេះ តទៅរយៈពេល ១៤ថ្ងៃផងដែរ៕