កាលថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំ២០១៩ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាចូលរួមពិធីប្រគល់ពានរង្វាន់ធុរកិច្ចអាស៊ាន ២០១៩ ដែលបានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និង សន្និបាត អ៊ីមផែក ទីក្រុងបាងកក ព្រះរាជាណាចក្រថៃឡង់ដ៍។ ក្នុងនោះដែរ ធនគារឯកទេសវីង របស់ឧកញ៉ា គិត ម៉េង បានឈ្នះពានរង្វាន់ “សហគ្រាសសង្គមមាននិរន្តភាព”។

ពានរង្វាន់ធុរកិច្ចអាស៊ាន ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក្នុងគោលបំណងប្រគល់ពានរង្វាន់ដល់សហគ្រាសឆ្នើមមកពីបណ្ដាប្រទេសក្នុងអាស៊ាន ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍ និង វិបុលភាពនៃសេដ្ឋកិច្ចអាស៊ាន។
ក្នុងចំណោមជ័យលាភីពានរង្វាន់ធុរកិច្ចអាស៊ានក្នុងឆ្នាំ២០១៩ នេះ ធនគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកសេវាកម្មហិរញ្ញវត្ថុចល័តនិងសេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា បានទទួលពានរង្វាន់ “សហគ្រាសសង្គមមាននិរន្តភាព” ដែលពានរង្វាន់នេះផ្ដោតលើសហគ្រាសឆ្នើមមានភាពច្នៃប្រឌិត និង មានការរួមចំណែកយ៉ាងសំខាន់ដល់សហគមន៍ ប្រកបដោយនិរន្តភាព៕




ប្រភព៖ សភាពាណិជ្ជកម្មកម្ពុជា Cambodia Chamber of Commerce