កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយ គណៈប្រតិភូខេត្តស៊ីឈួន ដែលដឹកនាំដោយលោក តាំង លីមីញ ទីប្រឹក្សាខេត្តស៊ីឈួន។
ជាកិច្ចចាប់ផ្តើម លោក តាំង លីមីញ បានកោតសរសើរអំពីការអភិវឌ្ឍន៍និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា និងបានបញ្ជាក់ថា គោលបំណងនៃជំនួបនេះ ធ្វើឡើងដើម្បីជម្រុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងខេត្តស៊ីឈួន ក្រោមគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ។ មិនតែប៉ុណ្ណោះលោក ក៏បានអញ្ជើញ និងស្វាគមន៍ ឧកញ៉ា អគ្គនាយក ក្នុងការដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទៅទស្សនកិច្ចជាផ្លូវការនៅខេត្តស៊ីឈួន ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងចាប់ដៃគូពាណិជ្ជកម្មផងដែរ។
ជាកិច្ចឆ្លើយតប ឧកញ៉ាអគ្គនាយក ក៏បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការពិភាក្សាជាមួយគណៈប្រតិភូខេត្តស៊ីឈួន។ លើសពីនេះទៅទៀត ឧកញ៉ា បានយល់ព្រមតាមការអញ្ជើញរបស់លោក តាំង លីមីញ ក្នុងការដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាទៅកាន់ខេត្តស៊ីឈួន នៅខែមីនា ឬមេសា នៅឆ្នាំ២០២០ នាពេលសមស្របណាមួយ។ លោកឧកញ៉ា ក៏បានលើកទឹកចិត្តដល់ធុរជនខេត្តស៊ីឈួន បន្តវិនិយោគមកកាន់ប្រទេសកម្ពុជាអោយបានកាន់តែច្រើនឡើង ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
គួរជម្រាបផងដែរថា
ខេត្តស៊ីឈួន ស្ថិតនៅភាគនិរតីនៃប្រទេសចិន
និងត្រូវបានគេស្គាល់ជាប្រវត្តិសាស្ត្រថាជាខេត្តនៃភាពបរិបូរណ៍។
ស៊ីឈួន
គឺជាមូលដ្ឋានផលិតកម្មកសិកម្មដ៏សំខាន់មួយរបស់ប្រទេសចិន
និងជាខេត្តដែលសំបូរទៅដោយធនធានរ៉ែ។
មិនតែប៉ុណ្ណោះ ស៊ីឈួន
គឺជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏សំខាន់មួយរបស់ប្រទេសចិន។
ក្រៅពីឧស្សាហកម្មធុនធ្ងន់ដូចជាធ្យូងថ្ម
ថាមពល ដែកនិងដែកថែប
ខេត្តស៊ីឈួនក៏បានបង្កើតវិស័យឧស្សាហកម្មធុនស្រាលផងដែររួមមានវត្ថុធាតុដើម
សំណង់ កែច្នៃឈើ ម្ហូបអាហារ
និងកែច្នៃសូត្រ៕
ប្រភព៖ សភាពាណិជ្ជកម្មកម្ពុជា Cambodia Chamber of Commerce