លោកជំទាវឧកញ៉ា នឹម វណ្ណៈ អគ្គនាយិកាក្រុមហ៊ុន អេស៊ីអ៊ី គ្រុប ឯ.ក (ACE GROUP., LTD.) នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានសម្រេចចេញលិខិតបដិសេធ លើជនអនាមិក និងក្រុមខិលខូចមួយចំនួន ដែលបានបង្កើតថេឡេក្រាមក្លែងក្លាយ ដោយប្រើរូប និងឈ្មោះ របស់ខ្លួនប្រើប្រាស់យ៉ាងអាណាធិបតេយ្យលើបណ្ដាញទំនាក់ទំនងសង្គម។
ក្នុងលិខិតជូនដំណឹងបដិសេធ អមដោយមានត្រា និងឈ្មោះមេធាវី តាមផ្លូវច្បាប់ទទួលស្គាល់ និងបញ្ជាក់ ព្រមទាំងរូបអាខោនថេឡេក្រាមក្លែងក្លាយរបស់ជនអនាមិកទាំងនោះផង លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានបញ្ជាក់យ៉ាងច្បាស់ទៅលើលក្ខខណ្ឌ ៤ចំណុច រួមមាន៖
១. លោកជំទាវឧកញ៉ា មិនដែលជាប់ពាក់ព័ន្ធជនអនាមិក និងបុគ្គលខិលខូចទាំងនោះ ដែលបានបង្កើតថេឡេក្រាមក្លែងក្លាយ របស់ខ្លួនទៅប្រើប្រាស់ ដើម្បីសម្លុតគម្រាមកំហែង ឬទាមទារទៅកាន់បុគ្គលណាមួយផ្សេងទៀត ជាអំពើខុសច្បាប់នោះទេ។
២. សូមបដិសេធចំពោះថេឡេក្រាម ដែលមានឈ្មោះ Nim Vnnak និងរូបថតមានភ្ជាប់ដូចក្នុងរូប។
៣. រាល់សកម្មភាពផ្ទុយច្បាប់ទាំងឡាយណា ដែលជនខិលខូចប្រព្រឹត្តនោះ លោកជំទាវឧកញ៉ា នឹងមិនទទួលខុសត្រូវរាល់ការបាត់បង់ផលប្រយោជន៍ ដោយការបោកបញ្ឆោត ឬបង្គាប់បញ្ជាលើការសម្រេចណាមួយនោះឡើយ។
៤. សំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងគ្រប់ស្ថាប័ន សូមមេត្តាពិនិត្យ និងចាត់វិធានការលើជនខិលខូចនោះតាមផ្លូវច្បាប់។
អាស្រ័យហេតុនេះ សូមសាធារណៈជនមេត្តាជ្រាប និងរាយការណ៍មកលោកជំទាវឧកញ៉ា ជាបន្ទាន់ប្រសិនបើមានជនខិលខូចទាំងឡាយណា ប្រើបណ្ដាញសង្គមថេឡេក្រាមដាក់រូបលោកជំទាវ ខុសពីគណនីយពិត រូបពិត និងឆាតសួរនាំគួរឱ្យសង្ស័យ ក្នុងរូបភាពបោកបញ្ឆោត ឬអូសទាញ ដើម្បីផលប្រយោជន៍ណាមួយ ដោយមិនបានបញ្ជាក់ផ្ទាល់ពីម្ចាស់ដើម៕