ឆ្លងកាត់ការវាយតម្លៃចលនាប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូ ដោយផ្អែកទៅលើគោលការណ៍ណែនាំស្តីពី រមណីយដ្ឋានទេសចរណ៍គំរូ ក្រសួងទេសចរណ៍ បានរកឃើញជ័យលាភីរមណីយដ្ឋានទេសចរណ៍គំរូ សម្រាប់ឆ្នាំ២០១៩នេះ គឺមានចំនួន២៦រមណីយដ្ឋាន ក្នុងក៏មានរមណីយដ្ឋានទេសចរណ៍ «ស្កាយលែនរីសត» ដែលស្ថិតនៅក្នុងទឹកដីខេត្តកណ្ដាលរបស់លោកឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន បានជាប់ជ័យលាភីសម្រាប់ឆ្នាំ២០១៩ផងដែរ។

សិក្ខាសាលាបូកសរុបស្ដីពី ការប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី៣ ឆ្នាំ២០១៩ នេះធ្វើឡើងនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានផ្ដល់កិត្តយសអញ្ជើញប្រគល់ពាន់រង្វាន់ជូនម្ចាស់ និងតំណាងរមណីយដ្ឋានទេសចរណ៍គំរូទាំង២៦ ប្រកបដោយក្ដីសោមនស្ស ជាមួយអនុសាសន៍ល្អៗ សម្រាប់ឱ្យរមណីយដ្ឋានទេសចរណ៍នានាយកទៅអនុវត្តបន្តទៅមុខទៀត សំដៅបង្កើនការទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។

រមណីយដ្ឋានទេសចរណ៍ «ស្កាយលែនរីសត» ដែលមានទីតាំងស្ថិតនៅក្នុងទឹកដីខេត្តកណ្ដាល ជាតំបន់ទេសចរកែច្នៃ ដែលមានប្រជាពលរដ្ឋនិយមទៅលេងកម្សាន្តយ៉ាងច្រើនកុះករដោយសំលឹងមើលឃើញមានហេដ្ឋានរចនាសម្ព័ន្ធថ្មីៗទាន់សម័យ កាន់តែពិសេសជាងនេះទៅទៀតនោះ ស្កាយលែនរីសត ក៏ជាតំបន់មានសក្ដានុពលខ្លាំង ដែលអាចអោយភ្ញៀវទេសចរទស្សនានូវដីឡូត៍ ផ្ទះល្វែង ផ្សារ និងតំបន់អភិវឌ្ឍន៍ជាច្រើនទៀត ទាំងអស់នេះគឺជាការខិតខំប្រឹងប្រែងរបស់លោកឧកញ៉ា ស្រី ចាន់ថន ដែលគេស្គាល់ថាជាឧកញ៉ាចិត្តធម៌មួយរូប តែងតែមានគំនិតនាំយកនូវអ្វីដែលប្លែកនិងពេញនិយមទាន់សម័យ យកបង្កើតក្នុងរមណីដ្ឋាននេះដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តជាតិ ក្នុងគោលបំណងលើកកំពស់ដល់ជីវភាពរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះអោយមានជីវភាពកាន់តែល្អប្រសើរឡើង ស្របតាមគោលនិយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានការអភិវឌ្ឍន៍ឥតឈប់ឈរ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថាសម្រាប់ឆ្នាំ២០១៩នេះ មានបេក្ខភាពចូលរួមការប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី៣ មានចំនួន ៥៣ មកពី ២២រាជធានី-ខេត្ត ហើយចំនួននេះមានការកើនឡើងធៀបនឹងការប្រលងប្រណាំងឆ្នាំ២០១៨ ដែលមានបេក្ខភាពចូលរួមត្រឹមតែ ៤៥បេក្ខភាព មកពី ២៣រាជធានី-ខេត្តប៉ុណ្ណោះ៕






ប្រភព៖ TNB
អត្ថបទ មាស សុវណ្ណរតនា