អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសគាំទ្រគំនិតផ្តួចផ្តើមស្នើធ្វើវិសោធនកម្មច្បាប់របស់សម្តេច ហ៊ុន សែន ខណៈកាសែត The Guardian បានកែតម្រូវអត្ថបទរបស់ខ្លួន

ជុំវិញ​ឧកញ៉ា

មហាសេដ្ឋីប្រាក់លានដែលអតីតពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូង និងជាពាណិជ្ជករវ័យក្មេងល្បីឈ្មោះនៅស្រុកខ្មែរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសគាំទ្រប្រសាសន៍ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការស្នើរដ្ឋមន្រ្តីក្រសួងយុត្តិកម្ពុជា លោក កើត រិទ្ធ សិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្តីព្រាងច្បាប់អង្គការដែលចេញពីរាជរដ្ឋាភិបាលឬជាសេចក្តីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភានិងរដ្ឋសភា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៧ ម្សិលមិញថា៖ “(កើតនៅកម្ពុជាត្រូវតែស្លាប់នៅកម្ពុជា….) ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ខ្ញុំសូមគាំទ្រប្រសាសន៏របស់សម្តេច ថ្នាក់ដឹកនាំកំពូលរបស់ជាតិ គួរមានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ ដែលន័យនេះគឺរួមសុខទុក្ខជាមួយប្រជាជនកម្ពុជា ទើបសាកសម ជាថ្នាក់ដឹកនាំកំពូលនៅកម្ពុជាបាន “។

ការស្នើសុំធ្វើវិសោធនកម្មច្បាប់នេះ ត្រូវបានសម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិ និងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ។

សារព័ត៌មានអង់គ្លេស The Guardian បានកែតម្រូវអត្ថបទព័ត៌មានរបស់ខ្លួនមក«ពួកអ្នកមានអំណាចនៅរុស្ស៊ី និងអារ៉ាប៊ី សាអូឌីត ក៏ដូចជាសមាជិកនៃរង្វង់ផ្ទៃក្នុងមួយចំនួនរបស់មេដឹកនាំកម្ពុជាហ៊ុន សែន ត្រូវបានរកឃើញថា  ស្ថិតក្នុងចំណោមជនជាតិមិនមែនអឺរ៉ុបរាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនប្រទេសស៊ីប»

គួរម្លឹកជូនថា ជាមួយនឹងការប្រកាសរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្វើឡើងបន្ទាប់ពីសារព័ត៌មាន​អង់គ្លេស ​The Guardian ​បាន​សរសេរចោទ​ចំៗ​ថា​ លោក​នាយករដ្ឋមន្រ្តី​កម្ពុជា​ហ៊ុន សែន​ ត្រូវ​បាន​រក​ឃើញ​ថា​ ទទួល​បាន​លិខិត​ឆ្លងដែន​ប្រទេស​ស៊ីប​នេះ​។

មួយ​ថ្ងៃ​ក្រោយ​ពី​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​រដ្ឋាភិបាល ​និង​ជា​ពិសេស​ ពី​ក្រុមមេធាវី​របស់​រដ្ឋាភិបាល​កម្ពុជា​ សារព័ត៌មាន​អង់គ្លេស ​The Guardian ​បាន​កែ​តម្រូវ​អត្ថបទ​ព័ត៌មាន​របស់​ខ្លួន​ហើយ​ដោយ​ងាក​មក​សរសេរ​បែប​នេះ​ថា​ មនុស្ស​នៅ​ក្បែរ​លោក​ហ៊ុន សែន ​ត្រូវ​បាន​រក​ឃើញ​ថា ​បាន​ទទួល​លិខិត​ឆ្លងដែន​ប្រទេស​ស៊ីប​។ 

ក្រៅពីក្រុមមេធាវីនេះ ក្រសួងចំណុះរដ្ឋាភិបាលកម្ពុជា២ទៀត គឺក្រសួងការបរទេស និងក្រសួងយុត្តិធម៌ក៏បានចេញដំណើរស្វែងរកការពិតជូនសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ផងដែរ។ ប៉ុន្តែ មកដល់ពេលនេះ ពុំទាន់មានការឆ្លើយតបយ៉ាងណានៅឡើយទេពីភាគីរដ្ឋាភិបាលប្រទេសស៊ីប៕