សាលាឧទ្ធរណ៍បានសម្រេចដោះលែង លោកឧកញ៉ា ថោង សារ៉ាត់ និងបក្ខពួកចំនួន៣នាក់ទៀត ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន លើកលែងតែឈ្មោះ សៀង វាសនា ដែលជាជនដៃដល់បន្តស្ថិតនៅក្នុងឃុំ។នេះបើតាមអ្នកនាំពាក្យសាលាឧទ្ធរណ៍ បានចេញសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
សេចក្តីប្រកាសអ្នកនាំពាក្យសាលាឧទ្ធរណ៍, អ្នកដែលត្រូវដោះលែងឲ្យក្រៅឃុំជាបណ្តោះអាសន្ន។

ចំនួន៤នាក់ ទី១៖ ថោង សារ៉ាត់, ទី២៖ ហួយ ចាន់ថុល, ទី៣៖ មាស សម្បត្តិ ហៅ ទូច និង ទី៤៖ ឈ្មោះ ឃុន ចិត្រា ដោយតុលាការបានដាក់លក្ខខណ្ឌ៤ចំណុចដូចជា៖
១៖ ជនជាប់ចោទមិនត្រូវចាកចេញពីព្រះរាជាណាចក្រកម្ពុជា ដោយមិនមានការអនុញ្ញាតពីតុលាការ។
២៖ ហាមផ្លាស់ប្តូរលំនៅដ្ឋាន។
៣៖ ត្រូវបង្ហាញខ្លួននៅការិយាល័យស្នងការនគរបាលរាជធានីភ្នំពេញរៀងរាល់សប្តាហ៍ទី១ រៀងរាល់ខែ ។
៤៖ ចូលបង្ហាញខ្លួនតាមការកោះហៅរបស់តុលាការ ឬ អាជ្ញាធរមានសមត្ថកិច្ចដែលចាត់តាំងដោយតុលាការ ។


គួររម្លឹកថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសអតីត ឧកញ៉ា ថោង សារ៉ាត់ និងអង្គរក្សចំនួន ៤នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗ អស់មួយជីវិត ពីបទ ឃាតកម្មគិតទុកជាមុន ក្នុងផែនការបាញ់សម្លាញ់ ឧកញ៉ា អ៉ឹង ម៉េងជឺ កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅមុខហាងលក់ផ្លែឈើ យីហោ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ៕