ភ្នំពេញ៖ កាលពីថ្ងៃទី១១ខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុនJet’s food cambodia របស់ឧកញ៉ាស្រី ចាន់ថន បានធ្វើពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយសហគ្រាស Navita លើការពង្រីកការវិនិយោគការកែច្នៃផលិតផ្លែឈេីស្រស់របស់កសិករខ្មែរ ដើម្បីផ្គត់ផ្គង់លើទីផ្សារ។
ខ្លឹមសារនៃការចុះ MOU នេះធ្វើឡើងមានគោលបំណងសហការយោគយល់គ្នារវាងក្រុមហ៊ុន Jet’s Food Cambodia
និងសហគ្រាសកែច្នៃផលិតផ្លែឈេីស្រស់ ណាវីតា ដែលជាសហគ្រាសរបស់កូនខ្មែរសុទ្ធសាធ ដែលកំពុងកែច្នៃផ្លែឈើគ្រប់មុខចេញទៅជាដំណាប់ បង្អែមផ្លែឈើផ្សេងៗ។
ឧកញ៉ា ស្រី ចាន់ថន បានមានប្រសាសន៍បានឲ្យដឹងថា ភាគីទាំងពីរបានចាប់ដៃរួមគ្នា សហការសិក្សាស្រាវជ្រាវ ផលិត និងកែច្នៃរាល់ផ្លែឈើ ដែលប្រមូលទិញពីប្រជាកសិករខ្មែរកំពុងតែដាំដុះរាប់ម៉ឺនហិតតា ដើម្បីយកមកកែច្នៃផលិតចេញជាភេសជ្ជៈប្រភេទបង្អែមកំប៉ុង ជាដំណាប់ផ្លែឈើ ទឹកផ្លែឈើផ្សេងៗដូចជាគូលែន សាវម៉ាវ ក្រូច មៀន តាង៉ែនជាដើម។
ការដែលក្រុមហ៊ុនធ្វើទាំងអស់ឡើងដើម្បីគាំទ្រលើវិស័យ កសិឧស្សាហកម្មរបស់កសិករឲ្យរីកចំរើន ជួយបង្កើតទីផ្សាររបស់ប្រជាកសិករខ្មែរដែលកំពុងតែដាំដុះប្រភេទចំការផ្លែឈើ។
លោកបន្តថា ក្រុមហ៊ុនបានបោះទុនវិនិយោគចំពេលដែលផលិតផល ក៏ដូចជាផលិតផលផ្លែឈើរបស់ប្រជាកសិករត្រូវការទីផ្សារស្រាប់ ហើយក៏ជាឱកាសយ៉ាងប្រពៃសម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានទទួលបានការងារធ្វើ មានប្រាក់ចំណូលក្នុងគ្រួសារ ឈប់ធ្វើចំណាកស្រុក និងកាត់បន្ថយភាពក្រីក្រ សមស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល៕
ផ្លែឈើដែលសហគ្រាសកែច្នៃ គឺយកចិត្តទុកដាក់លើអនាម័យខ្ពស់ដោយមិនដាក់សារធាតុគីមី ឬមេស្ករនោះឡើយ។ តាមគម្រោងសហគ្រាសអាចកែច្នៃផ្លែឈើបាន 2,400,000កេះ ក្នុងមួយឆ្នាំសម្រាប់ផ្គត់ផ្គង់ជូនទីផ្សារក្នុងស្រុក ហេីយនឹងនាំចេញរាប់ម៉ឺនកេះទៀតសម្រាប់យកទៅលក់នៅក្នុងទីផ្សារអន្តរជាតិ៕