កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភធុងសំរាមចំនួន ៣០០ ធុង ទៅដល់ពលរដ្ឋដែលរស់នៅលើដងផ្លូវ២១៧ ក្នុងខណ្ឌដង្កោ ដើម្បីចូលរួមលើកកម្ពស់អនាម័យបរិស្ថានស្អាតក្នុងសហគមន៍ ព្រោះថាសហគមន៍ស្អាតផ្តើមចេញពីយើង។


លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ “ខ្មែរ ប៊ែវើរីជីស តែងតែគិតគូរដល់ការផ្តល់ត្រលប់ទៅសង្គមវិញ ជាពិសេសខណ្ឌដង្កោ ដោយសារក្រុមហ៊ុនស្ថិតក្នុងទឹកដីនេះ ហើយមិនភ្លេចពីសហគមន៍នៅក្បែរខ្លួនឡើយ។ ក្រុមហ៊ុនមិនមែនត្រឹមតែធ្វើការឧបត្ថម្ភធុងសំរាមនោះទេ យើងនឹងបន្តគម្រោងជួយត្រលប់ទៅសង្គមវិញជាច្រើនទៀត “។


គួរបញ្ជាក់ផងដែរថា ធុងសំរាមទាំង ៣០០ ធុង ត្រូវបានរៀបចំចាត់ចែងជូនទៅដល់ពលរដ្ឋដែលរស់នៅលើដងផ្លូវនៅក្នុងខណ្ឌដង្កោចាប់ពីស្តុបស្ពានដែកចំការដូងរហូតដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាការសម្រួលទៅដល់ការទុកដាក់សំរាមឲ្យបានត្រឹមត្រូវរបស់ពលរដ្ឋ ជាពិសេសលើកកម្ពស់អនាម័យនៅលើដងផ្លូវ។

