រោងចក្រស្រាបៀរ វឌ្ឍនៈ ប្រ៊ូវើរី ដែលមានតម្លៃវិនិយោគ ១៣៩.៥ លានដុល្លារអាមេរិក របស់មហាសេដ្ឋី សំ អាង ម្ចាស់វឌ្ឍនៈ គ្រុប បានចាប់ដំណើរការផលិតកម្មស្រាបៀរ ជាលើកដំបូងនៅកម្ពុជា ដែលមានទីតាំងនៅលើផ្លូវលេខ ១១៤ ក្នុងភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ដោយបានអនុលោមតាមបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន វឌ្ឍនៈ ប្រ៊ូវើរី បានឈានដល់ដំណាក់កាលផលិតស្រាបៀរជាលើកដំបូងរបស់ខ្លួន ជាមួយនិងសមត្ថភាពផលិតរហូតដល់ ៧៦លានកេសក្នុងមួយឆ្នាំនាពេលខាងមុខ ហើយនៅពេលដំណើរការផលិតកម្មបានពេញលេញនិងបង្កើតការងារសម្រាប់ពលរដ្ឋកម្ពុជារហូតដល់ ១,៥០០នាក់ និងផ្តល់ឱកាសការងារដោយប្រយោលជាច្រើនផ្សេងទៀត។
គួររម្លឹកជូនថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ រោងចក្រស្រាបៀរ វឌ្ឍនៈ ប្រ៊ូវើរី ធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ដោយប្រើពេលត្រឹមតែ ៤៨៣ថ្ងៃប៉ុណ្ណោះ ទោះស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ ក្តី ហើយបានរួមចំណែកជួយបន្តផ្តល់ការងារដល់បុគ្គលិក និងកម្មករ ជាង១០០០នាក់ រហូតមកទល់បច្ចុប្បន្ន។
រោងចក្រ វឌ្ឍនៈ ប្រ៊ូវើរី គឺជាសមិទ្ធផលថ្មីមួយទៀតរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយ ធ្វើការវិនិយោគលើវិស័យធនាគារ វិស័យអចលនទ្រព្យ វិស័យបដិសណ្ឋារកិច្ច វិស័យម្ហូបអាហារ វិស័យទំនិញ និងសេវាកម្មព្រមទាំងវិស័យសំខាន់ៗជាច្រើនទៀតនៅក្នុងទីផ្សារប្រទេសកម្ពុជា៕