ឆ្លងកាត់តាមបទពិសោធន៍នៃការគ្រប់គ្រងទាំងធនធានមនុស្ស និងមុខជំនួញក្នុងដៃ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់គ្រឿងសំណង់គ្រប់ប្រភេទនៅកម្ពុជា បានចែករំលែកនូវទ្រឹស្ដីនៃការគ្រប់គ្រង និងដឹកនេះស្ថាប័ន ឬក្រុមហ៊ុនក្រោមបង្គាប់ថា ត្រូវមានធាតុផ្សំ ៣ចំណុចសំខាន់ៗ។

ថ្នាក់ដឹកនាំកំពូលប្រចាំក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់គ្រឿងសំណង់គ្រប់ប្រភេទ និងជាស្ថាបនិក “មូលនិធិឧកញ៉ា ហ៊ួត ជា” រូបនេះលើកឡើងនាថ្ងៃទី២៦ ខែតុលា ២០២១នេះថា៖ “ដឹកនាំក្រុមហ៊ុនគាប្បីមាន 3 ចំនុចនេះ រួមមាន៖ ១. ចេះចែករំលែក ចំណេះដឹង ២. ចេះណែនាំ និងគោរពបទបញ្ជាផ្ទៃក្នុងក្រុមហ៊ុន ៣. មានចិត្តល្អ និងទូលាយ” ។


ដើរតាមលំអានទ្រឹស្ដីនៃការដឹកនាំបុគ្គលិកក្រោមបង្គាប់រាប់ពាន់នាក់ និងជាក្បាលម៉ាស៊ីនគ្រប់គ្រងប្រចាំក្រុមហ៊ុន ហ៊ួត ជា គ្រុប ដែលមានបុត្រសម្ព័ន្ធជាច្រើន ក្រុមហ៊ុនរបស់លោក តែងតែបង្កើតវគ្គបណ្តុះបណ្តាលដល់បុគ្គលិក និងគ្រប់សាខាដែលជាតំណាងចែកចាយគ្រឿងសំណង់ទូទាំង ២៥ រាជធានីខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជាជារឿយៗ។
ចំពោះចក្ខុវិស័យ និងមហិច្ឆិតា នាពេលខាងមុខ ឧកញ៉ា ហ៊ួត ជា ធ្លាប់បានបង្ហើបឱ្យដឹងថា លោកនឹងពង្រីកសាខាផ្គត់ផ្គង់គ្រឿងសំណង់បន្ថែមឱ្យបានដល់ ១៥០ សាខាក្នុងពេលឆាប់ៗ។ ក្រៅពីមានភាពល្បីល្បាញក៏សាងម៉ាកយីហោលក់គ្រឿងសំណង់គ្រប់ប្រភេទ និងមានតំណាងដេប៉ូចែកចាយលក់បន្តឈរជើង ពាសពេញប្រទេសកម្ពុជាហើយនោះ លោកក៏ជាអ្នកអភិវឌ្ឍន៍គម្រោង បុរី ហ៊ួត ជា ម៉ាកិត្យា ដែលមានទីតាំងនៅស្រុកស្អាង ខេត្តកណ្ដាល ជិតព្រលានយន្តហោះថ្មីផងដែរ៕

