នៅទីបំផុត ប្រទេសកម្ពុជា សម្រេចបើកទទួលទេសចរអន្តរជាតិឡើងវិញ ក្រោមទម្រង់ជា «ទេសចរណ៍វ៉ាក់សាំង» ដែលជំហានដំបូងនេះ គឺនៅខេត្តព្រះសីហនុ និងខេត្តកោះកុង បន្ទាប់ពីរងនូវវិបត្តិជំងឺរាតត្បាតជាសកលកូវីដ-១៩ ជាងពីរឆ្នាំ។ ការបើកទទួលទេសចរណ៍វ៉ាក់សាំងនេះ គឺចាប់ផ្ដើមដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតំបន់វិស្សមកាលតារាសាគរ នៃស្រុកបទុមសាគរ ខេត្តកោះកុង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ ។
ជាមួយនឹងដំណឹងនៃការបើកប្រទេសឡើងវិញនេះដែល ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដែលជាក្រុមហ៊ុនឈានមុខក្នុងការផ្តល់សេវាកម្មដឹកអ្នកដំណើរ និងបញ្ញើអីវ៉ាន់ ប្រកបដោយគុណភាពខ្ពស់ លឿនរហ័ស ល្បីឈ្មោះជាង ២ ទស្សវត្សន៍មកនេះ បានសម្រេចបើករត់រថយន្តឡើងវិញ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ខណៈក្រុមហ៊ុនទើបតែបញ្ជាទិញរថយន្តស៊េរីថ្មី Hyundai ជាច្រើនគ្រឿងបន្ថែមទៀត សម្រាប់ភ្ញៀវ VIP។
លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ថ្លែងប្រាប់គេហទំព័រឧកញ៉ានៅព្រឹកថ្ងៃទី១ ខែវិច្ឆិកានេះថា ស្ថានភាពកូវីដ-១៩ មានភាពធូស្រាល ក្រុមហ៊ុនយើងនឹងចាប់ផ្តើមបើកខ្សែឡានរត់ឡើងវិញ ជាមួយរថយន្តក្រុង និងរថយន្ត វីអាយភី ដឹកអ្នកដំណើរគ្រប់ទីកន្លែងទូទាំងប្រទេស ទន្ទឹមនឹងនោះយើងបានបោះទុនទិញឡានថ្មីៗ ជាច្រើនគ្រឿង ដើម្បីផ្តល់សេវាកម្មទៅភ្ញៀវរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ។
បើតាមលោកឧកញ៉ា ដោយសាក្រុមហ៊ុនបានផ្អាកការដឹកអ្នកដំណើរ ចាប់តាំងពីរាជរដ្ឋាភិបាល សម្រេចផ្អាកសកម្មភាពអាជីវកម្ម ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ បិទប្រទេសអស់រយៈពេលជាង ២ឆ្នាំនេះ រាជរដ្ឋាភិបាល សម្រេចបើកឲ្យដំណើរការប្រទេសឡើងវិញជាបណ្តើរៗ តាមគន្លងប្រក្រតីភាពថ្មី ដូច្នេះហើយក្រុមហ៊ុន វីរៈប៊ុនថាំ ក៏សម្រេចចិត្តបើកដឹកអ្នកដំណើរឡើងវិញ ទាំងឡានពេលយប់ ទាំងប្រភេទឡាន VIP ពេលថ្ងៃ ទៅគ្រប់បណ្តាលខេត្តក្រុងនៅប្រទេសកម្ពុជា។
លោកឧកញ៉ាបន្ថែមថា ដើម្បីបំពេញតម្រូវការភ្ញៀវត្រូវការធ្វើដំណើរពេលថ្ងៃ ក្រុមហ៊ុនបានទិញរថយន្តថ្មីម៉ាក Hyundai ចំនួន ២០គ្រឿងបន្ថែមទៀត ជាប្រភេទឡាន VIP។ ទន្ទឹមនឹងនោះ យើងក៏មាន រីសត (Resort) នៅកោះស្តេច ខេត្តកោះកុង ត្រៀមបើកនៅខែវិច្ឆិកានេះផងដែរ។
ទោះជាយ៉ាងណា លោកឧកញ៉ា សួរ វីរៈ បានអះអាងថា បើទោះបើកដំណើរការអាជីវកម្មឡើងវិញក៏ពិតមែន ប៉ុន្តែក្រុមហ៊ុននៅតែបន្តគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាល 3កុំ 3ការពារ ដើម្បីចៀសផុត និងការរីករាលដាលពីជំងឺកូវីដ-១៩។ លោកថា សូមអតិថិជនទាំងអស់ធ្វើដំណើរប្រកបដោយស្នាមញញឹម និងសុវត្ថិភាព គ្រប់ៗគ្នា។
គួររម្លឹកថា បើតាមក្រសួងទេសចរណ៍ បន្ទាប់ពីការបើកទេសចរណ៍នៅខេត្តព្រះសីហនុ និងខេត្តកោះកុង រដ្ឋាភិបាលនឹងបន្តបើកទទួលនៅខេត្តសៀមរាប នាខែមករា ឆ្នាំ២០២២ ខាងមុខ ក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅនិងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាពរយៈពេល ៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារឡើយ៕