ឧកញ៉ា ប៊ុន រតនា ប្រាប់បទពិសោធន៍ជូរចត់ជិះឡានទំនើបពីអឺរ៉ុប តែពេលខូចត្រូវជួសជុលតាមអនឡាញពីក្រៅប្រទេស

ជុំវិញ​ឧកញ៉ា

ឆ្លងកាត់បទពិសោធន៍ប្រើប្រាស់រថយន្តច្រើនម៉ាក ច្រើនម៉ូឌែល និងជាម្ចាស់ឃ្លាំងទិញលក់រថយន្តមួយទឹកនាំចូលពីក្រៅប្រទេសផងនោះ ថ្មីៗនេះ ឧកញ៉ា ប៊ុន រតនាសេម បានចេញមុខមកចែករំលែកបទពិសោធន៍ថ្មីមួយទៀតជុំវិញការប្រើប្រាស់រថយន្តនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ប៊ុន រតនាសេម លើកឡើងថា៖ “តាមការស្រាវជ្រាវ ប្រជាពលរដ្ឋខ្មែរដែលប្រើប្រាស់រថយន្ត មានជាង ៨០% ពួកគាត់ទិញរថយន្តមួយទឹកជិះ គ្របដណ្ដប់លើសលប់ លើទីផ្សាររថយន្តថ្មីចេញពីរោងចក្រ”។

ម្ចាស់ឃ្លាំងទិញលក់រថយន្ត S-Auto រូបនេះបន្ថែមទៀតថា មានកត្តាជាច្រើន ដែលនៅតែរក្សាផ្នត់គំនិតអ្នកប្រើប្រាស់រថយន្តមួយទឹកនៅខ្មែរ មិនឱ្យបែកចិត្តពីរថយន្តមួយទឹកនាំចូលពីក្រៅស្រុក គឺដោយសារ ទី១. តម្លៃទាប ទី២ មានអ្នកស្រលាញ់ចូលចិត្តច្រើន ទី៣. រថយន្តមួយទឹកមានហាងឆេង(ងាយទិញ ស្រួលលក់) ទី៤. ងាយស្រួលជួសជុល តម្លៃធូរ និងសម្បូរគ្រឿងបន្លាស់ ទី៥. ពេលលក់ចេញវិញខាតលុយតិច  ទី៦. មួយទឹកមែន តែគុណភាពនៅប្រើប្រាស់បាន

ស្ថាបនិក អេស អូតូ ខេមបូឌា រូបនេះលើកជាឧទាហរណ៍ជាក់ស្ដែងផ្ទាល់ខ្លួន ដែលធ្លាប់ចត់បាយជាមួយបទពិសោធន៍កំពុងប្រើប្រាស់រថយន្តប្រេនអឺរ៉ុបថា៖ “បទពិសោធន៍ខ្ញុំកំពុងប្រើប្រាស់ម៉ាករថយន្តថ្មីនាំចូលពីអឺរ៉ុបមួយប្រភេទ(សុំមិនបញ្ចេញឈ្មោះ) បញ្ហាធំចម្បងជាងគេនោះ គឺមានលុយជួសជុលហើយ ប៉ុន្តែពិបាកកុម្ម៉ង់គ្រឿង និងកំពូលពិបាករកជាងជំនាញជួសជុល”។

ឧកញ៉ា ប៊ុន រតនា បន្ថែមថា៖ រថយន្តរបស់ខ្ញុំថ្មីៗនេះខូចប្រព័ន្ធបញ្ជា (Commander)ខាងក្នុង។ ដូច្នេះត្រូវចំណាយពេលកុម្ម៉ង់គ្រឿងពីក្រៅប្រទេសដល់ទៅ កន្លះខែ  យកមកដោះដូរប្រើមិនទាន់បានមួយខែស្រួលបួលផង ខូចទៀត ដូច្នេះត្រូវជួសជុលតាមប្រព័ន្ធអនឡាញ។ មានន័យថា ត្រូវបើកវីដេអូនតាមអនឡាញ ហើយជាងជំនាញពីក្រៅប្រទេស បញ្ជាមក ថាត្រូវធ្វើយ៉ាងម៉េច, set program ថ្មីយ៉ាងម៉េចអីយ៉ាងម៉េច តាមប្រព័ន្ធកុំព្យូទ័រ ពោលគឺស្មុគស្មាញមែនទែន។

“ប៉ុន្តែបែរមក ម៉ាករថយន្តមួយទឹក ដែលប្រជាពលរដ្ឋខ្មែរជាង 80% កំពុងប្រើប្រាស់រាល់ថ្ងៃ ដូចជាម៉ាក Lexus ឬ Toyota អីហ្នឹងខូចនៅទីណាក៏មានជាងជំនាញក្នុងស្រុកអាចធ្វើបាន ហើយងាយស្រួលរកគ្រឿងបន្លាស់ជាទីបំផុត។ អត្រាខាតរថយន្តម៉ាក Lexus ឬToyota ពេលទិញជិះហើយ កឹបស្លាកលេខ ពេលលក់ចេញវិញខាតយ៉ាងច្រើន ២០-៣០% ប៉ុណ្ណោះ តែបើរថយន្តអឺរ៉ុបអាចខាងដល់លើស ៦០% នេះជាកត្តាសំខាន់មួយដែរ”។ ឧកញ៉ា ប៊ុន រតនាសេម ពន្យល់បន្ថែម។

យ៉ាងណាមិញ ឧកញ៉ា ប៊ុន រតនាសេម ក៏បានចង្អុលបង្ហាញពីគុណវិបត្តិរបស់រថយន្តមួយទឹកនាំចូលពីក្រៅប្រទេសផងដែរ។ ជាទូទៅឡានមានអាយុកាលកាន់តែច្រើន ហានិភ័យខូចកាន់តែខ្ពស់ ទិញបានឆ្នាំទាប ប្រឈមនឹងទិញរថយន្តខុស ប៉ះចំឡានស្ងោរដូរពណ៌ កាត់ត ឡានលិចទឹក ឡានច្រេះ ឡានក្រឡាប់ នេះជាគុណវិបត្តិរបស់រថយន្តមួយទឹក ប៉ុន្តែមិនមែនចេះតែខូចៗផុយបែបនេះទេ។ ឧទាហរណ៍ដូចជារថយន្តម៉ាក Lexus RX 300, Lexus RX 330, Toyota Highlander, Camry បាឡែន, Toyota Prius -ល-។ និយាយរួមក្រុមហ៊ុន Toyota ផលិតឡានមួយស៊េរីៗ គឺមានស្តង់ដារគុណភាពប្រើប្រាស់តជំនាន់ មានន័យថា គុណភាពល្អ អាយុកាលប្រើប្រាស់បានយូរឆ្នាំ។

ទន្ទឹមគ្នានោះ ឧកញ៉ា ប៊ុន រតនា ក៏មិនចង់បានន័យថា អ្នកមានលុយទិញរថយន្តគួរតែជ្រើសរើសរថយន្តមួយទឹកអាយុកាលច្រើនឆ្នាំមកប្រើដែរ។ អតិថិជននៅតែមានជម្រើស ទិញរថយន្តថ្មីយកទៅប្រើប្រាស់ ទៅតាមចិត្តស្រលាញ់ និងកម្រិតថវិការៀងខ្លួន គ្រាន់តែលោកចង់លើកឡើងជាទស្សនៈ និងបទពិសោធន៍ផ្ទាល់ខ្លួន ស្របតាមទំនោរនៃអ្នកប្រើប្រាស់រថយន្តនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ដោយឡែកសម្រាប់ឃ្លាំងទិញលក់រថយន្ត S-Auto របស់ឧកញ៉ា ប៊ុន រតនាសេម មានលក់រថយន្តមួយទឹកនាំចូលពីក្រៅប្រទេសជាច្រើនម៉ាក ច្រើនស៊េរី លក់ជូនអតិថិជន ដោយមានការធានាគុណភាពច្បាស់លាស់ និងទំនុកចិត្តខ្ពស់។ ជាពិសេស S-Auto ក៏មានការ Free ថែមជូនប្រូម៉ូសិនជូនអតិថិជនជាច្រើនមុខថែមទៀតផងដែរ៕