ជាង ២ឆ្នាំកម្ពុជា កំពុងប្រយុទ្ធជាមួយនឹងវិបត្តិមេរោគរាតត្បាតជាសកលកូវីដ-១៩ ដែលបង្កផលប៉ះពាល់ដល់គ្រប់វិស័យនៅប្រទេសកម្ពុជា ខណៈដែលវិស័យមួយចំនួនត្រូវបានបិទទ្វារ ក្នុងនោះវិស័យអប់រំសម្រាប់សាលាឯកជនកំពុងប្រឈមបញ្ហាធ្ងន់ធ្ងរ។ ក្នុងនាមជាអ្នកអប់រំក្នុងវិស័យឯកជន អ្នកឧកញ៉ា គួច ម៉េងលី បានលើកឡើងថា កត្តាចម្បងមួយ ដែលលោកព្រួយបារម្ភ គឺការស្ដារឡើងនូវវិស័យអប់រំឯកជនឡើងវិញ ទោះវាជាបញ្ហាសកលក៏ដោយ។ បញ្ហានេះ គឺត្រូវទាមទារភាគីពាក់ព័ន្ធចូលរួមដោះស្រាយរួមគ្នា ដើម្បីកសាងរួមគ្នា។
ថ្លែងនៅក្នុងវេទិកាសាធារណៈថ្នាក់ជាតិស្តីពី «ការវិនិយោគអប់រំ និងកុមារ» កាលពីថ្ងៃទី២៨ ខែតុលា កន្លងទៅ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) បានសម្ដែងការព្រួយបារម្ភនៅពេលដែលក្រសួងអប់រំអនុញ្ញាតឱ្យបើកសាលារៀនឡើងវិញ ស្របពេលដែលសាលារៀនឯកជនមួយចំនួនក្នុងវិស័យនេះត្រូវបានបិទទ្វារ។ លោកព្រួយបារម្ភខ្លាចសាលារៀនសាធារណៈមិនអាចទទួលយកសិស្សានុសិស្សពីសាលារៀនដែលបានបិទទ្វារទាំងនោះ។
បើតាមអ្នកឧកញ៉ា ស្ថិត ក្នុងវិបត្តិជំងឺកូវីដ-១៩ គ្រឹះស្ថានអប់រំរបស់លោកបានចូលរួមចំណែកដោះស្រាយគុណភាពអប់រំសិស្សជាមួយនឹងរដ្ឋាភិបាល តាមការបង្រៀនអនឡាញ ខណៈសាលារៀនឯកជនត្រូវបានបិទទ្វារទាំងស្រុង។
លោកថ្លែងថា៖ «ចំពោះសាលារៀន និងមជ្ឈមណ្ឌលភាសា រួមទាំងមូលនិធិរបស់ខ្ញុំវិញ រដូវជិតពីរឆ្នាំនេះពួកខាងខ្ញុំ គឺមមាញឹកខ្លាំងមែនទែន។ ដោយសារសាលាខ្ញុំមិនបានបិទទេ បន្តរៀនតាម Online ហើយអនឡាញពិបាកជាង Offline ពីព្រោះយើងត្រូវចំណាយគ្រូពីរ ត្រូវទិញឧបករណ៍ ត្រូវតាមដានឪពុកម្ដាយសិស្ស។ អ៊ីចឹងចំណាយក៏ដោយ ចំណូលបាត់អស់៨០ភាគរយ»។
លោកបន្តថា ក្រៅពីនេះលោកបានព្យាយាមចូលរួមជាមួយរដ្ឋាភិបាល តាមរយៈកិច្ចការសប្បុរសធម៌ ដូចជាការជួយបុគ្គលិកនិងប្រជាសហគមន៍ខ្វះខាត ការផ្ដល់អាហារូករណ៍ ព្រមទាំងការពិគ្រោះនិងព្យាបាលជំងឺជូនដល់អ្នកជំងឺ ជាពិសេសទាក់ទងនឹងជំងឺផ្លូវចិត្ត តាមដែលអាចធ្វើទៅបាន។
ទោះយ៉ាងណាក៏ដោយ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានស្នើឱ្យរដ្ឋាភិបាលពង្រឹងគ្រឹះវិស័យចម្បងចំនួនពីរ នោះគឺក្រសួងអប់រំ យុវជន និងកីឡា និងវិស័យសុខាភិបាល ប្រសិនបើវិស័យពីរនេះមានគ្រឹះរឹងមាំ នឹងធ្វើឱ្យប្រជាជនលូតលាស់ ហើយប្រទេសនឹងរីកចម្រើន ៕