មិនឈឺឆ្អើលមិនបាន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភថវិកា ២០លានរៀល ដល់កុមារកម្សត់ គង់ សីហា

ជុំវិញ​ឧកញ៉ា

“ក្មួយប្រុសពូជួយសម្ភារៈក្មួយ២០​លានរៀល​សម្រាប់ការសិក្សានិង ឪពុកម្ដាយរបស់ក្មួយ ការពិតទៅក្មួយមានសំណាងណាស់ ដែលមានឱកាសចូលរៀន ក្មួយត្រូវតែតស៊ូ បើប្រទេសយើងគ្មានសន្តិភាពទេ សូម្បីការរៀនសូត្រក៏យើងមិនអាចរៀនបានដែរពូគ្មានពាក្យអ្វីច្រើនទេ មានតែពាក្យថាក្មួយតស៊ូ សូមគ្រួសារឬតំណាងគាត់ ទាក់ទងក្រុមការងារពូ 070 451 400″។ នេះបើយោងតាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គ្រុប  ក្រោយលោកទទួលដំណឹង និងឃើញទិដ្ឋភាពដ៏កម្សត់របស់ កុមារា គង់ សីហា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មានស្រុកកំណើតនៅភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប កុមារា គង់ សីហា មានអាយុ ៧ឆ្នាំ និងទើបតែបានចូលរៀនថ្នាក់ទី១ នៅក្នុងសាលាបឋមសិក្សាជ័យ នៃឃុំរុនតាឯក នាបវេសនកាលឆ្នាំសិក្សាថ្មីកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ជាកូនប្រុសច្បង ក្នុងគ្រួសារដែលមានជីវភាពខ្វះខាតខ្លាំង សីហា មានប្អូនស្រីម្នាក់ទៀត មានអាយុ៥ឆ្នាំ ។ ឳពុកម្តាយ របស់កុមារា ដ៏កម្សត់រូបនេះ មានមុខជាកសិករ (ប៉ុន្តែមិនមានដីស្រែចម្ការផ្ទាល់ខ្លួនសម្រាប់ធ្វើនោះទេ) ចាប់យកមុខរបរ ដើរប្រវាស់ដីស្រែគេធ្វើនៅក្នុងស្រុកស្វាយលើ។

កាលពីថ្ងៃអាទិត្យទី៣១ខែតុលាឆ្នាំ២០២១កន្លងទៅ សីហា បានមកចូលរួមទទួលយកអំណោយជាសម្ភារៈសិក្សាពីកម្មវិធី”តោះអាន និងបង្គន់អនាម័យដើម្បីសុខភាពកាន់តែប្រសើរ”(Let’s Read & Toilet for Better Health 2021) ដែលជាគម្រោងរៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា(JCI Cambodia) និងមានការចូលរួមពីរដ្ឋបាលស្រុកបន្ទាយស្រី ដើម្បីចែកសម្ភារៈសិក្សាដល់សិស្សជាង៩០០នាក់មកពីសាលាចំនួន៤ និងសាងសង់បន្ទប់ទឹកថ្មីជូនដល់សាលាបឋមសិក្សាជ័យផងដែរ។

ពេលនោះហើយ ដែលរូបភាពឈរតម្រង់ជួររបស់ សីហា មួយសន្លឹក ក្នុងសម្លៀកបំពាក់មិនសូវស្អាតបាតដូចក្មេងដទៃ គ្មានទាំងស្បែកជើងពាក់ ក្នុងទឹកមុខស្រពាប់ស្រពោន ប៉ុន្តែមានកាតវ៉ាក់សាំងចងក្នុងថង់ប្លាស្ទិក ពាក់ជាប់នឹងក ដែលបានបង្ហោះចេញក្នុងបណ្ដាញសង្គម ផ្ទុះការចាប់អារម្មណ៍ពីមហាជនគ្រប់ស្រទាប់វណ្ណៈ សូម្បីតែប្រមុខថ្នាក់ដឹកនាំកំពូល។

សង្ឃឹមថា ថវិកាឧបត្ថម្ភចំនួន ២០លានរៀល របស់អ្នកឧកញ៉ាចិត្តធម៌ ឡេង ណាវ៉ាត្រា បានរួមចំណែកជួយសម្រាកបន្ទុកជីវភាពរបស់គ្រួសារ និងជួយទំនុកបំរុងដល់ការសិក្សាដល់កុមារា គង់ សីហា ឱ្យបានសមរម្យដូចកុមាដទៃទៀត៕