ក្រុមហ៊ុនដែលកំពុងអនុវត្តគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី Cambodia Airport Investment Co., LTD (CAIC) បានសម្រេចលក់មូលបត្របំណុលមានបុគ្គលធានា (guaranteed bond) ក្នុងតម្លៃ ១៥លានដុល្លារអាម៉េរិក ឱ្យទៅធនាគារ Prince ដើម្បីប្រើប្រាស់បន្ថែមសម្រាប់ការសាងសង់ព្រលានភ្នំពេញថ្មី នៅស្រុកកណ្តាលស្ទឹង។
បើតាមក្រុមហ៊ុន Cambodia Airport Investment គម្រោង NPPIA បច្ចុប្បន្នសម្រេចបាន២៦ ភាគរយហើយ ដែលមានទឹកប្រាក់សរុប ៣៤៦ លានដុល្លារសហរដ្ឋអាម៉េរិក នេះមិនរាប់បញ្ចូលថ្លៃដី ដែលវិនិយោគនោះឡើយ ខណៈគម្រោង NPPIA រំពឹងថា នឹងត្រូវដាក់ឲ្យប្រតិបត្តិការនៅឆ្នាំ២០២៣ ខាងមុខ។
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ មានតម្លៃ១,៥ ពាន់លានដុល្លារអាមេរិក សាងសង់នៅលើផ្ទៃដីចំនួន២៦០០ហិកតា ដែលវិនិយោគដោយក្រុមហ៊ុន OCIC ៩០ ភាគរយ និងរាជរដ្ឋាភិបាលកម្ពុជា១០ ភាគរយ ហើយគម្រោងព្រលានយន្តហោះនេះ មានទីតាំងស្ថិតនៅក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
សូមជម្រាបជូនថា ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះកម្ពុជា (CAIC) គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើការងារសាងសង់ព្រលានយន្តភ្នំពេញថ្មី ដែលស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដែលមានផ្ទៃដីសរុប២៦០០ហិកតា។
គម្រោងនេះ នឹងក្លាយជាព្រលានយន្តហោះធំជាងគេ នឹងទី៩ នៅលើពិភពលោក ដោយនាំមុខដោយព្រលានយន្តហោះ ឈីកាហ្គោអូហារ និងអាកាសយានដ្ឋានអន្តរជាតិប៉េកាំងរបស់ប្រទេសចិន។ នៅពេលគម្រោងនេះបញ្ចប់ទៅ វានឹងអាចផ្ទុកយន្តហោះធុនធំបានគ្រប់ប្រភេទ អាចផ្ទុកអ្នកដំណើរបានរហូតដល់២៧ លាននាក់ នៅឆ្នាំ២០៣០ និងអ្នកដំណើរ៣០ លាននាក់នៅឆ្នាំ២០៥០ ស្របតាមផែនការមេ នៃការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិ។ គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ គ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៣ ខាងមុខ៕