ចូលរួមក្នុងមហាសន្និបាតលំដាប់ពិភពលោក Social Media Week Phnom Penh កាលពីថ្ងៃទី១៧ ខែវិច្ឆិកា នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ លោក ជី សិលា ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital Group បានចែករំលែកគោលការណ៍មួយ ដែលធ្វើឲ្យក្រុមហ៊ុនជោគជ័យ។

លោក ជី សិលា បានបកស្រាយថា Sabay តែងតែធ្វើការសម្របខ្លួនទៅតាមការផ្លាស់ប្ដូរដ៏លឿនដូចផ្លេកបន្ទោរនៃបច្ចេកវិទ្យា និងបត់បែនតាមការផ្លាស់ប្ដូរនូវទម្លាប់របស់អ្នកអាន និងអតិថិជនផងដែរ។ ជាក់ស្ដែង នាយកប្រតិបត្តិរូបនេះបានសង្កេតឃើញថាអ្នកអាននាពេលបច្ចុប្បន្នបានប្ដូរទម្លាប់ពីការអាន មកចាប់អារម្មណ៍លើការទស្សនាវីដេអូច្រើនជាងមុន ខណៈពេលដែលបណ្ដាញសង្គមយក្ស Facebook ក៏បានផ្ដោតខ្លាំងលើវីដេអូ ដោយបង្កើតនូវទីតាំងដាច់ដោយឡែកមួយសម្រាប់វីដេអូ។

ដោយមើលឃើញការផ្លាស់ប្ដូរនេះ ក្រុមហ៊ុន Sabay Digital Group បានបង្កើននូវចំនួនវីដេអូរបស់ខ្លួនឲ្យបានកាន់តែច្រើនជាងមុន តាមរយៈការបង្កើតវីដេអូ ដែលមានបញ្ចូលមាតិកាអំពីការកម្សាន្ត កម្មវិធីពិភាក្សាលើប្រធានបទក្ដៅ វីដេអូផ្ដល់នូវចំណេះដឹង វីដេអូកីឡា និងវីដេអូជុំវិញប្រធានបទបច្ចេកវិទ្យាជាដើម។

លោក ជី សិលា បានបន្ថែមថា ការផ្លាស់ប្ដូរនេះមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែវាជារឿងដែលក្រុមហ៊ុនជាច្រើនត្រូវគិតគូរដល់ ស្របពេលដែលបដិវត្តន៍ឧស្សាហកម្ម ៤.០ កំពុងចូលមកដល់៕
ប្រភព៖ Sabay អត្ថបទ៖ សុខហេង