នារសៀលថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អេរិចសិន ដើក(Ericksen Doug) សមាជិកព្រឹទ្ធសភាអាមេរិកដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។
ឯកឧត្តម អេរិចសិន មានប្រសាសន៍ថា ឯកឧត្តម មកកម្ពុជាដើម្បីស្វែងយល់ពីស្ថានភាពពិតប្រាកដ និងទទួលព័ត៌មានដោយផ្ទាល់អំពីវឌ្ឍនភាពនានានៅកម្ពុជា ដើម្បីលើកកម្ពស់មិត្តភាពរវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងវិនិយោគ។ ក្នុងន័យនេះ ឯកឧត្តម បានស្នើសុំការសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ដែលមាន អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន ដើម្បីរៀបចំព្រឹត្តិការណ៍ធុរកិច្ចនានាទាក់ទាញវិនិយោគិនអាមេរិកមកវិនិយោគបន្ថែមទៀតនៅកម្ពុជា។ ឯកឧត្តម នឹងជួយសម្របសម្រួល កៀរគវិនិយោគិន និងធុរជនអាមេរិក ធ្វើទស្សនកិច្ចមកកាន់កម្ពុជា ដើម្បីពួកគេបានជ្រាបច្បាស់អំពីសក្តានុពលសេដ្ឋកិច្ចនិងទីផ្សារកម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានអញ្ជើញ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកផងដែរ។

អ្នកឧកញ៉ា
គិត ម៉េង
បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះទស្សនកិច្ចមកកាន់កម្ពុជា
របស់ ឯកឧត្តម អេរិកសិន
ដើក(Ericksen Doug) ។ អ្នកឧកញ៉ា
បានលើកឡើងពីការរីកចម្រើន
និងសក្តានុពលសេដ្ឋកិច្ចកម្ពុជា
ក្រោមការដឹកនាំរបស់
សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
អ្នកឧកញ៉ា បានបញ្ជាក់ថា
គោលនយោបាយរបស់រាជរដ្ឋាភិបាលមានលក្ខណៈបើកចំហរសម្រាប់ធុរជនទូទៅដោយមិនប្រកាន់ថាមកពីប្រទេសណាឡើយ។
សហរដ្ឋអាមេរិក
ស្ថិតក្នុងចំណោមប្រទេសដៃគូពាណិជ្ជកម្ម
និងវិនិយោគដ៏ចម្បងរបស់កម្ពុជា។
អ្នកឧកញ៉ា
មានប្រសាសន៍គាំទ្រដល់គោលគំនិតរបស់ព្រឹទ្ធសមាជិកអាមេរិក
ក្នុងការរៀបចំព្រឹត្តិការណ៍ធុរកិច្ចដើម្បីជួយជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម
និងវិនិយោគរបស់ប្រទេសទាំងពីរ
ហើយអ្នកឧកញ៉ា
នឹងរកពេលវេលាសមស្របណាមួយរៀបចំទស្សនកិច្ចធុរកិច្ចទៅសហរដ្ឋអាមេរិក៕







ប្រភព៖ សភាពាណិជ្ជកម្មកម្ពុជា Cambodia Chamber of Commerce