នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះ រាជរដ្ឋាភិបាល ដាក់សម្ពោធជាផ្លូវការនូវអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នៅក្នុងពិធីសម្ពោធនៅព្រឹកនេះ ក៏មានវត្តមានអ្នកជំនួញគ្រាកៗ ម្ចាស់ក្រុមហ៊ុនធំៗ ចូលរួមអបអរពិធីដាក់ឲ្យដំណើរការទីស្តីការក្រសួងដែនដី មានដូចជា អ្នកឧកញ៉ា ពុង ឃាវសែ អ្នកឧកញ៉ា លី យ៉ុងផាត់ អ្នកឧកញ៉ា គិត ម៉េង អ្នកឧកញ៉ា ម៉ុង ឬទ្ធី អ្នកឧកញ៉ា លី ហួរ អ្នកឧកញ៉ា សឿ ឬទ្ធី អ្នកឧកញ៉ា លាង ម៉េង អ្នកឧកញ៉ា លាង ឃុន និងឧកញ៉ា ថៃ ជាហ៊ួត។
អគារទីស្តីការថ្មីនេះ មានទីតាំងស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ឬខាងជើងខ្លោងទ្វារហ្ក្រេនភ្នំពេញ ដែលជាតំបន់កំពុងមានការអភិវឌ្ឍខ្លាំងផ្នែកលំនៅឋាន។
អគារនេះ ត្រូវបានចាប់ផ្ដើមសាងសង់តាំងពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០ មកម្លេះ ដែលលាតសន្ធឹងលើផ្ទៃដី ៣ហិកតា មានកម្ពស់ ៥ជាន់ និងមានផ្ទៃក្រឡាសំណង់ជាង ៥ម៉ឺនម៉ែត្រការ៉េ។ នៅក្នុងគម្រោងអគារនេះ ត្រូវបានបែងចែកចេញជា២ ផ្នែក គឺអគារទីស្តីការក្រសួង និងអាគារពិសោធន៍សំណង់ ហើយត្រូវបានរចនាជារចនាបថខ្មែរ ដែលមានបុស្បុកប្រាំពីរថ្នាក់ និងដំបូលហោជាងមុខដាច់ ក្នុងគោលបំណងលើកស្ទួយសា្នដៃស្ថាបត្យកម្មបុរាណ៕