ម្ចាស់គម្រោងបុរី “វិមានសំណាង” ឧកញ៉ាបណ្ឌិត គីម ហ៊ាង កំពុងប្រកាសជ្រើសរើបបុគ្គលិក តួនាទីសុទ្ធតែប្រធានផ្នែកធំៗជាច្រើននាក់។ ក្នុងចំណោមតួនាទីទាំងនោះ រួមមាន៖ Project Sales Manager, Project Sales Leader, និងបុគ្គលិកផ្នែក Project Sales Member។


ក្នុងចំណោមលក្ខខណ្ឌការងារ ដែលម្ចាស់គម្រោងផ្ទះវីឡាប្រណិតៗ បុរី វិមានសំណាង ប្រកាសជ្រើសរើសទាំងនោះ មុខតំណែង Project Sales Member ត្រូវបាន ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្វាគមន៍បេក្ខភាពដាក់ពាក្យគ្រប់ភេទ ក្នុងនោះលោក បញ្ជាក់ថា “ភេទទី៣” ត្រូវបានលើកទឹកចិត្តជាពិសេស។

សេដ្ឋីអចលនទ្រព្យដែលត្រៀមបើកគម្រោងលក់ផ្ទះវីឡាសុទ្ធ តម្លៃខ្ទង់សែនដុល្លារ លើផ្ទៃដី ២៥ ហិចតា រូបនេះបញ្ជាក់ថា៖ “តួនាទីទាំងអស់នេះ ខ្ញុំស្វាគមន៍អ្នកមានសមត្ថភាពគ្រប់ភេទ មិនថាស្រី ប្រុស ក្មេងចាស់ រៀនចប់សកលវិទ្យាល័យ ចប់បាក់ឌុប ឬបងប្អូនភេទទី៣ទេ ឱ្យតែពួកគាត់ពូកែខាងផ្នែកលក់នេះ ជាពិសេសអោយតែចេះលក់វីឡាប្រណិតៗ តម្លៃថ្លៃៗ និងស្គាល់អ្នកមានច្រើន!”។
ខាងក្រោមនេះ គឺជាលក្ខខណ្ឌជ្រើសរើសបុគ្គលិកទៅតាមតួនាទីប្រធានផ្នែកធំៗ ដែលឧកញ៉ាបណ្ឌិត គីម ហ៊ាង កំពុងត្រូវការ៖
1. Project Sales Manager : ភេទស្រី អាយុចាប់ពី ៣០ឆ្នាំ បទពិសោធន៌លក់បុរីធំៗចាប់ពី ៧ឆ្នាំ ដោយផ្តល់អាទិភាពដល់បេក្ខនារី ដែលស្មោះត្រង់ និងត្រឹមត្រូវ!
2. Project Sales Leader : ភេទស្រី អាយុពី ២៥ ដល់ ៣០ឆ្នាំ និងមានបទពិសោធន៌លក់បុរីធំៗលើសពី ៣ឆ្នាំ!
3. Project Sales Member : នរណាៗក៏អាចដាក់ពាក្យបាន ដោយលើកទឹកចិត្តអោយភេទទីបី សំខាន់ៗអោយតែចេះលក់វីឡាប្រណិតៗ តម្លៃថ្លៃៗ និងស្គាល់អ្នកមានច្រើន!
បេក្ខជនទាំង៣ភេទ ដែលមានចំណាប់អារម្មណ៍ខាងលើ អាចផ្ញើ CV ជាភាសាអ្វីក៏បានមក Dr. គីម ហ៊ាង ដោយផ្ទាល់តាម Telegram លេខ 012 96 2000 ចាប់ពីថ្ងៃនេះតទៅ!

បុរី វិមានសំណាង របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង សាងសង់លើផ្ទៃដី ២៥ហត ស្ថិតនៅលើមហាវិថីឈ្នះឈ្នះ ស្ថិតនៅខាងជើងក្រសួង ដែនដី នគររូបនីយកម្ម និងសំណង់ ២៥០០ ម៉ែត្រ។ គម្រោងដ៏ធំស្កឹមស្កៃ របស់ប្រធាន KW Cambodia រូបនេះ បណ្ដុំទៅដោយផ្ទះវីឡាលំដាប់អភិជនសរុបជាង ៤៥០វីឡា មានជាប្រភេទ Prince Villa, Queen Villa និង King Villa ។
គ្រប់ផ្ទះសុទ្ធតែមានកន្លែងចតឡាន សូនច្បារធំទូលាយ និងមួយចំនួនបែរទៅមាត់ព្រែក។ ចំពោះតម្លៃ ឧកញ៉ា គីម ហ៊ាង មិនបានប្រាប់ឱ្យដឹងនៅឡើងទេ គ្រាន់តែបង្ហើបប្រាប់ Oknha News ថា គម្រោងផ្ទះវីឡាក្នុងបុរី វិមានសំណាង នឹងលក់ក្នុងតម្លៃចាប់ពី… 3xx,000!