រាជរដ្ឋាភិបាលនៃកម្ពុជា បានសម្រេចប្រគល់ដីឧទ្យានជាតិបុទុមសាគរ ស្ថិតនៅភូមិសាស្ត្រឃុំតានួន ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលទំហំរហូតដល់ទៅ ៨ ៦៣១ ហិចតា ទៅឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង ដើម្បីបង្កើតនិងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស។ នេះបើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។
គួររម្លឹកជូនថា យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋាភិបាល សម្រេចផ្តល់ដីសម្បទានទំហំ ១ម៉ឺនហិកតា ស្ថិតនៅក្នុងឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុងឲ្យក្រុមហ៊ុន Royal Group Co., Ltd ដើម្បីអភិវឌ្ឍន៍ជាតំបន់សេដ្ឋកិច្ចពិសេស។
តាមរយៈលិខិតដដែល រដ្ឋាភិបាលបានណែនាំឲ្យក្រសួងបរិស្ថាន ត្រូវចុះពិនិត្យសិក្សាអំពីទីតាំង ដែលក្រុមហ៊ុនបានស្នើសុំដោយសហការជាមួយរដ្ឋបាលខេត្តកោះកុង និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដើម្បីកំណត់ទីតាំងដីជាក់ស្ដែង ដែលរាជរដ្ឋាភិបាលផ្ដល់ជូនក្រុមហ៊ុន ក្នុងការអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចពិសេស។ ចំណែកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ត្រូវបំពេញបែបបទនិងនីតិវិធីជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធ៕