បងប្អូនដែលមានបំណងចង់ទៅធ្វើការនៅប្រទេសកូរ៉េ ទទួលព័ត៌មានត្រឹមត្រូវច្បាស់លាស់មិនចាញ់បោកប្រាស់គេ ពេលនេះកាន់តែងាយស្រួលហើយ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលមានប្រវត្តិជាអតីតពលករធ្វើការនៅប្រទេសកូរ៉េស្រាប់ បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ក្នុងគោលបំណងបង្ហាត់ជំនាញភាសាកូរ៉េដោយឥតគិតថ្លៃ ជូនដល់អ្នកដែលមានចំណងចង់ទៅរកការងារធ្វើនៅប្រទេសកូរ៉េ ។

ពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងលោក ឧកញ៉ា ឡេង ណាវ៉ាត្រា ជាមួយវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ក្រោមវត្តមានអ្នកសារព័ត៌មាន សិស្សនិស្សិតជាច្រើននាក់។ គោលបំណងនៃការបង្កើតថ្នាក់រៀនជំនាញខ្លីដោយមិនគិតប្រាក់នេះ គឺក្នុងគោលបំណងសម្រាប់តែ បងប្អូនឬ សិស្សនិស្សិតដែលមានចំណង ទៅធ្វើការនៅប្រទេសកូរ៉េប៉ុណ្ណោះ ។

ឯកឧត្ដម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បានលើកឡើងថា ដើម្បីឆ្លើយតបទៅតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន ជាពិសេសទៅលើ ជំនាញភាសាបរទេស វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បានសម្រេចបើកថ្នាក់រៀន ជំនាញភាសាកូរ៉េ១មុខបន្ថែមទៀត សម្រាប់ បងប្អូនសិស្សនិស្សិតដែលមានបំណងចង់ទៅធ្វើការនៅប្រទេសកូរ៉េ ក្នុងនោះ ការបើកថ្នាក់រៀននេះ ស្ថិតក្រោមការឧបត្ថម្ភដោយ ក្រុមហ៊ុនបុរីឡេងណាវ៉ាត្រា។
លោក នាយកវិទ្យាស្ថានខាងលើ បានបន្ថែមឲ្យដឹងថា តាមរយៈកិច្ចព្រមព្រៀងនេះ សិស្ស-និស្សិត នឹងទទួលបាននូវចំណេះដឹងផ្នែកភាសាកូរ៉េ បានយ៉ាងងាយស្រួល ព្រោះការសិក្សា មិនតម្រូវឲ្យបង់ប្រាក់ឡើយ ។ កន្លងមកលោកឧកញ៉ា តែងតែចូលរួមសហការ និងជួយដល់វិទ្យាស្ថាន ជាច្រើនលើកមកហើយ ក្នុងនោះដែរ និស្សិតដែលបានបញ្ចប់ការសិល្បៈនៅ វិទ្យាស្ថានមួយនេះ ក៏កំពុងតែបម្រើការងារនៅ ក្រុមហ៊ុនលោកឧកញ៉ាជាច្រើននាក់ ក្នុងតំណែងធំៗផងដែរ។

ក្រៅពីផ្ដល់ឱកាសសិក្សា
ដោយមិនគិតថ្លៃរួចមក
និស្សិតនឹងមានឱកាសច្រើនក្នុងការទៅបំពេញការងារ
នៅក្នុងប្រទេសកូរ៉េ ពេលសិក្សាចប់
ក្រោមកិច្ចសហការ ជាមួយក្រសួងការងារ
បណ្ដុះបណ្ដាលវិជ្ជាជីវៈ
និងយុវនិតិសម្បទា
ក្រោមការជួយជ្រោមជ្រែងបន្ថែម
ពីក្រុមហ៊ុនលោកឧកញ៉ា ឡេង
ណាវ៉ាត្រា។
ជាមួយគ្នានោះ
លោកនាយកសាលា ក៏បានថ្លែងអំណរគុណលោកឧកញ៉ា
ឡេង ណាវ៉ាត្រា ដែលកន្លងមកតែងតែជួយជ្រោមជ្រែង
ស្ទើរគ្រប់សកម្មភាព ទាំងកម្លាំងកាយ
កម្លាំងចិត្ត និងធនធាន
ដែលធ្វើឲ្យវិទ្យាស្ថានមួយនេះ
មានឈ្មោះល្បីរន្ទឺ ដល់សាធារណៈជន។

ដោយឡែក លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា បានថ្លែងថា គោលបំណងដែលលោកបង្កើតថ្នាក់សិក្សា ភាសាកូរ៉េដោយឥតគិតថ្លៃនេះ គឺដើម្បីជួយសម្រួលដល់សនិស្សិត ដែលមានបំណងចង់ទៅបំពេញការងា នៅក្នុងប្រទេសកូរ៉េ បានរៀនភាសាកូរ៉េឲ្យស្ទាត់ជំនាញ ប្រឡងទៅធ្វើការងារឆាប់ជាប់ និងផ្ដល់ជូននូវព័ត៌មានជាក់លាក់ ច្បាស់លាស់ មុននឹងចេញទៅបំពេញការងារនៅក្រៅប្រទេស ជៀសវាងចាញ់បោកជនខិលខួច និងក្រុមហ៊ុនមួយចំនួន ដែលមិនមានប្រភពច្បាស់លាស់។

លោកឧកញ៉ាបន្តថា ការសិក្សានេះ គឺមិនមានផលប៉ះពាល់ ដល់ការសិក្សាជំនាញរបស់និស្សិត ឬការធ្វើការងារណាមួយរបស់ប្អូនៗ និស្សិតឡើយ ពោលគឺយើងសិក្សានៅចន្លោះម៉ោងណាមួយ ដែលទំនេរ ហើយក៏ជំរុញឲ្យនិស្សិត ធ្វើការអនុវត្តជាក់ស្ដែង ពោលគឺធ្វើការងារបណ្ដើរ និងសិក្សាបណ្ដើរ ដើម្បីបានចំណូលផ្គត់ផ្គង់ ការសិក្សារបស់ខ្លួន មុននឹងសម្រេចចិត្ត ទៅធ្វើការនៅប្រទេសកូរ៉េ។

លោកឧកញ៉ា បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះ គឺគ្មានអ្វីក្រៅតែចង់ឃើញនិស្សិតរបស់យើង មានជីវភាពល្អប្រសើរ នៅថ្ងៃអនាគត ជៀសវាងពេលបញ្ចប់ការសិក្សា រយៈពេល៣ទៅ៤ឆ្នាំហើយនោះ ស្រាប់តែគ្មានការងារធ្វើ ជាហេតុនាំឲ្យខាតបង់ទាំងថវិកា និងពេលវេលារបស់ខ្លួន ហើយការចេញទៅបំពេញការងារនៅកូរ៉េ ក៏ជាឱកាសសន្សំទុនទុកឲ្យបានច្រើន ដើម្បីបើកអាជីវកម្ម ឬមុខជំនួញអ្វីមួយ ពេលត្រឡប់មកប្រទេសរបស់ខ្លួនវិញផងដែរ។

សូមបញ្ជាក់ថា វគ្គសិក្សាភាសាកូរ៉េដោយឥតគិតថ្លៃដំបូង នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រនេះ គឺមានរយៈពេល២ឆ្នាំ ហើយធ្វើការជ្រើសរើសនិស្សិតឲ្យចូលសិក្សា ១វគ្គចំនួន២០០នាក់ ដោយត្រូវរៀន ចន្លោះ៣ទៅ៦ខែ ម៉ោងសិក្សាអាចធ្វើចន្លោះ ម៉ោង១២ថ្ងៃត្រង់ ទៅ ម៉ោង៥ ល្ងាច។ ទទួលពាក្យចូលរៀន ចាប់ពីថ្ងៃច័ន្ទទី២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩នេះ តទៅ ហើយថ្នាក់បន្ទាប់នឹងបន្តទទួលនិស្សិតបន្ថែមទៀត ប្រសិនបើមានតម្រូវការច្រើនជាងនេះ៕





