ច្បាប់វិនិយោគថ្មីត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នៅថ្ងៃពុធនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីវិនិយោគថ្មីនេះ ជូនថ្នាក់ដឹកនាំនិងសមាជិកសភាពាណិជ្ជកម្មកម្ពុជា ខណៈកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកសិក្ខាសាលាផ្សព្វផ្សាយពីខ្លឹមសារច្បាប់ថ្មីនេះដល់ស្ថានតំណាងកម្ពុជានៅក្រៅប្រទេស ដើម្បីធ្វើជាទុនក្នុងការទាក់ទាញអ្នកវិនិយោគបរទេសមករកស៊ីបន្ថែមទៀតនៅកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការអនុម័តដាក់ឱ្យប្រើនូវច្បាប់វិនិយោគថ្មីនេះ ពិតជាមានសារៈសំខាន់ និងចំពេលដែលកម្ពុជាត្រូវស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយច្បាប់នេះ នឹងចូលរួមចំណែក ក្នុងការធ្វើឱ្យកម្ពុជាទាញយកផលប្រយោជន៍ បានជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលរាជរដ្ឋាភិបាល បានខិតខំសម្រេចបាននាពេលថ្មីៗនេះ។
ជាមួយគ្នានេះអ្នកឧកញ៉ា ក៏បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលផ្ដល់ឱកាសដល់សភាពាណិជ្ជកម្មកម្ពុជា ចូលរួមក្នុងកិច្ចពិគ្រោះយោបល់ក្នុងដំណើរការនៃការតាក់តែង និងបានទទួលយកសំណូមពររបស់ផ្នែកឯកជន ដាក់បញ្ចូលក្នុងច្បាប់ស្តីពីវិនិយោគថ្មីនេះ។
បើតាមអ្នកឧកញ៉ា ផ្នែកឯកជនបានសាទរដល់ការដាក់ដំណើរការនៃច្បាប់នេះ និងបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃច្បាប់នេះ នឹងពិតជាបង្កើតបាននូវក្របខ័ណ្ឌគតិយុត្ត ដែលបើកចំហមានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន និងប្រកបដោយភាពអំណោយផលដល់ការវិនិយោគ។
ទន្ទឹមនឹងនោះ អ្នកឧកញ៉ាក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងក្នុង ការផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងពីច្បាប់ ស្តីពីវិនិយោគថ្មីនេះមកកាន់វិស័យឯកជន។
បន្ថែមលើនេះ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ច្បាប់វិនិយោគថ្មីនេះផ្តល់នូវការលើកទឹកចិត្តច្រើនដល់អ្នកវិនិយោគ។ ប៉ុន្តែជាមួយគ្នានេះ លោកក៏អះអាងថា ច្បាប់វិនិយោគថ្មីក៏ជួយកាត់បន្ថយបញ្ហាកិបកេងលើតុក្រោមតុរវាងមន្រ្តីពាកព័ន្ធ និងអ្នកវិនិយោគផងដែរ៕