តាមរយៈការចែករំលែកលើបណ្ដាញសង្គម អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជំនាញខាងស្ទូងស្រូវ និងចេះប្រសព្វខាងកាន់នង្គ័លទឹមក្របី ភ្ជួរស្រែ និងចុះស្ទូង សមសួនជាកសិករពិតមែន។ រូបភាពប៉ុន្មានសន្លឹក ដែលអ្នកឧកញ៉ា បានបង្ហោះធ្វើឱ្យអ្នកគាំទ្រ និងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក នឹកភ្នកដល់អតីតកាល ដែលធ្លាប់បានហែលឆ្លងកាត់គ្រប់រសជាតិ នៃការតស៊ូក្នុងជីវភាពជាអ្នកស្រែចម្ការ។



ប៉ុន្តែ ចំណង់ចំណូលចិត្តពិតប្រាកដ របស់មហាសេដ្ឋីវ័យក្មេង កើតចេញពីត្រកូលកូនកសិករដ៏សាមញ្ញ រូបនេះ ប្រហែលមិនទាន់មានមហាជន អ្នកតាមដានលោកច្រើន ធ្លាប់បានដឹងនោះទេ។
ថ្ងៃនេះ Oknha News សូមបង្ហើបពីឯកជនភាពរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មួយ ដែលកម្រនឹងមានមហាជនទូទៅបានដឹងពីគាត់ណាស់។
“ក្នុងចំណោម ចំណង់ចំណូលចិត្តបែបជីវភាពអ្នកស្រុកស្រែជនបទដ៏សាមញ្ញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចូលចិត្តចំណាយពេលរកត្រី បំផុត”។ នេះបើតាមការឱ្យដឹង ពីអ្នកស្និតស្នាលនឹង អ្នកឧកញ៉ា ។



ប្រភពដដែល ទម្លាយទៀតថា សល់ពេលវេលាឡើងចុះតាមខេត្ត និងបំពេញភារកិច្ចលើមុខជំនួញផ្សេងៗ ការចំណាយពេលនៅសល់ ឬថ្ងៃចុងសប្តាហ៍ ធ្វើដំណើរកម្សាន្តទៅទីជនបទដាច់ស្រយាលឆ្ងាយៗ រកត្រី គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចូលចិត្តបំផុត។
“មានម្ដងនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសម្រេចចិត្ត ដាក់គោលដៅធ្វើដំណើរដោយថ្មើរជើង ពីភ្នំពេញ សំដៅឆ្ពោះទៅកាន់ខេត្តសៀមរាប អស់រយៈពេលជាងមួយសប្តាហ៍ទើបដល់ និងបានធ្វើរឿងដ៏សាមញ្ញ ដែលគាត់ចូលចិត្ត ដូចជាយប់កន្លែងណា សម្រាកកន្លែងនោះ ហើយកន្លែងណាទំនងមានប្រឡាយ មានអូរ ត្រពាំងទឹក ក៏ចុះបាចត្រី ដុតហូប តាំងយប់អ៊ីចឹងទៅ”។ នេះបើតាមប្រភពប្រាប់ឱ្យដឹង។
រឿងមួយទៀត ដែលអ្នកធ្លាប់ស្គាល់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តែងតែស្ញើចសរសើរលើរូបគាត់ដែរនោះ ពួកគាត់លើកឡើងថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺជាមនុស្សដែលមានការគិតបានរហ័ស និងមានសមត្ថភាព IQ ខួរក្បាលគាត់ខ្ពស់មែនទែន។ ពេលខ្លះ គាត់អាចធ្វើការងារបានច្រើនមុខ ក្នុងពេលតែមួយបានយ៉ាងមានប្រសិទ្ធភាពថែមទៀតផង។ កត្តាអំណោយផល និងសមត្ថភាពពិសេសពីធម្មជាតិ ទាំងនេះហើយ បានជា អ្នកជំនួញវ័យក្មេងនៅកម្ពុជារូបនេះ ទទួលបានជោគជ័យយ៉ាងឆាប់រហ័ស លើគ្រប់មុខរបររបស់គាត់មកទល់សព្វថ្ងៃ។


ក្រៅពីចំណង់ចំណូលចិត្តរកត្រី តាមបែបបុរាណហើយនោះ នៅមានសកម្មភាពមួយទៀត ដែលអ្នកឧកញ៉ា មានស្រុកកំណើតមកខេត្តព្រៃវែងរូបនេះ ចូលចិត្តដែរនោះ គឺ “ជិះម៉ូតូទៅលេងតាមខេត្ត”។


ងាកមកតាមដានជំនាញចាស់ក្នុងជីវភាពជាកសិករ មុនចាកចេញពីស្រុកកំណើតវិញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅតែចាំដៃថ្នឹក និងធ្វើបានយ៉ាងស្ទាត់ជំនាញ ធ្វើឱ្យមហាជនកោតសរសើរមិនដាច់ពីមាត់។
សហគ្រិនវ័យក្មេង និងកំពុងបន្តបោះជំហ៊ានយ៉ាងលឿន ក្នុងវិស័យធុរកិច្ចនៅកម្ពុជារូបនេះ ថ្មីៗនេះ បានបង្ហាញសមត្ថភាពភ្ជួររាស់ និងដកស្ទូង យ៉ាងប៉ិនប្រសព្វ ទោះខកខានប្រឡាក់ខ្លួនក្នុងជីវភាពជាកសិករនេះអស់រយៈពេលជាយូរឆ្នាំមកហើយក្ដី។
អ្នកឧកញ៉ា រម្លឹកថា៖ “អនុស្សាវរីយ៍នៅពេលព្រះសង្ឃទូងស្គរ ងើបពីព្រឹកដឹកក្របីទៅភ្ជួរស្រែ បងប្អូនដែលឆ្លងកាត់ ប្រាកដជាចងចាំនៅអតីតកាលនេះ”។






ចុះប្រិយមិត្តវិញ មានទម្លាប់ និងចំណង់ចំណូលចិត្តខាងអ្វីដែរ?