លោក បឿន រឹទ្ធិ ប្រធានសមាគមអចលនទ្រព្យសកលប្រចាំខេត្តសៀមរាប និងអ្នកនាង ឆយ ហ្រ្វីដា អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការនារី តំណាង ឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បាននាំយកថវិកា និងសំលៀកបំពាក់មួយចំនួន ចែកជូនដល់ស្រ្តីមេម៉ាយ និងចាស់ជរា កំពុងខ្វះខាតជីវភាព សរុបចំនួន ៣០គ្រួសារ នៅក្នុងភូមិខ្នារសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។


លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ក្នុងពិធី ចែកអំណោយជូនស្រ្តីមេម៉ាយ ចំនួន៣០គ្រួសារ ក៏បានសម្តែងនូវការកោតសសើរដ៏ស្មោះអស់ពីចិត្ត ចំពោះសណ្តានចិត្ត និងការចូលរួមចំណែកនៅក្នុងបុព្វហេតុប្រកបដោយមានអត្ថន័យមួយនេះ។


អំណោយដែល សមាគមអចលនទ្រព្យសកលប្រចាំខេត្តសៀមរាប យកជូនចាស់ជរា និងស្ត្រីមេម៉ាយទុរគត តាមរយៈ លោក អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី រួមមាន អាវយឺតចំនួន ៣០០ អាវ និង ទឹកប្រាក់ចំនួន ៥ លានរៀល។
ក្នុងថ្ងៃជាមួយគ្នានោះដែរ ក៏មានសប្បុរជន និងបណ្ដាក្រុមហ៊ុនឯកជននានាពីរាជធានីភ្នំពេញ បានចូលរួមផ្ដល់ជាអំណោយផ្សេងៗដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត ក៏ដូចជារងផលប៉ះពាល់ពីការរីករាយដាលនៃជំងឺកូវីត-១៩ ក្នុងភូមិខ្នារសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ផងដែរ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី រដ្ឋបាលស្រុកបន្ទាយស្រី៕


