លោកឧកញ៉ា ជា រតនា ទីប្រឹក្សាផ្ទាល់ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកផ្តួចផ្តើមនៃមូលនិធិឧកញ៉ា បណ្ឌិត ជា រតនា និងលោកស្រីឧកញ៉ា លី ហៀក រតនា ដែលជួយជនពិការកំបុតដៃទាំងពីរ បានស្នើអ្នកលេងបណ្តាញសង្គមជួយចែករំលែកព័ត៌មាន ដើម្បីជួយជនពិការឱ្យបានច្រើន និងដើម្បីឱ្យជនពិការកំបុតដៃទាំងពីរ បានទទួលព័ត៌មានលម្អិតកាន់តែច្រើន។

បើតាមលោកឧកញ៉ា ជា រតនា បានបន្តឱ្យដឹងថា សមាជិកជនពិការសរុប ២៣១នាក់ សុទ្ធតែបានទទួលប្រាក់សមាជិក ១លានរៀលក្នុងម្នាក់ៗ និងប្រាក់ឧបត្ថម្ភផ្សេងៗទៀត ដែលមូលនិធិតែងជួយគិតគូរ និងគាំទ្រដល់ជីវភាពរបស់ពួកគាត់។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០១៥មក មូលនិធិឧកញ៉ាបណ្ឌិត ជា រតនា និងលោកស្រីឧកញ៉ា លីហៀក រតនា ព្រមទាំងសប្បុរសជននានា បានរៀបចំពិធីជួបជុំជនពិការកំបុតដៃទាំងពីរទូទាំងប្រទេស បានជាច្រើនលើក ហើយរៀងរាល់ការជួបជុំម្តងៗ ជនពិការដៃទាំងពីរ ទទួលបានថវិកាចំនួន១លានរៀល អាវយឺត និងអាហារផងដែរ។ ក្រៅពីការជួបជុំនេះ មូលនិធិនេះ ក៏បានរៀបចំឱ្យមានការជួបជនពិការកំបុតដៃទំាងពីរ និងផ្ដល់ដើមទុនសម្រាប់បង្កើតមុខរបរចិញ្ចឹមជ្រូក គោ និងមាន់ទា ។ មូលនិធិ ក៏បានសហការជាមួយអង្គការ CHPAA ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត Teri Kap Tan មកពីសហរដ្ឋអាមេរិក ដោយបានបំពាក់ដៃសិប្បនិម្មិតជូនជនពិការកំបុតដៃទាំងពីរផងដែរ៕





ប្រភព៖ clicknews.com.kh