ជារៀងរាល់ឆ្នាំ ឱ្យតែពេលដល់ថ្ងៃខួបកំណើតកូនៗ ឧកញ៉ា អុឹង គីមហុង និងលោកជំទាវ សុខ ស្រីអូន តែងតែដឹកនាំក្រុមគ្រួសារ បុត្រធីតា និងក្រុមការងារជាបុគ្គលិកក្រោមបង្គាប់ ធ្វើបុណ្យចែកទានដល់ប្រជាពលរដ្ឋខ្វះខាត រួមមានចាស់ជរា ជនពិការ កុមារកំព្រា មិនដែលខាន។



ឆ្នាំនេះក៏មិនខុសពីទម្លាប់រាល់ឆ្នាំ ក្នុងឱកាសខួបកំណើតគម្រប់ ៥ឆ្នាំ កូនស្រីច្បងឈ្មោះ អុឹង ប៉ោបុី កាលពីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឧកញ៉ា អុឹង គីមហុង និងលោកជំទាវ បានរៀបចំកម្មវិធីសប្បុរសធម៌ធ្វើបុណ្យចែកទានដល់ប្រជាពលរដ្ឋខ្វះខាតក្នុងតំបន់ចំនួន ៣០០ គ្រួសារ ។



អង្ករ និងថវិកាមួយចំនួន សរុបចំនួន ៣០០ឈុត ត្រូវបានលោក ឧកញ៉ា និងលោកជំទាវ រៀបចំចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រដោយផ្ទាល់ដៃ នៅទីតាំងហាងលក់ម៉ូតូហុងដា អុឹង ប៉ោបុី ដែលមានទីតាំងស្ថិតនៅ ផ្លូវ2004 ភូមិតាងួន សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


ទាក់ទងនឹងទម្លាប់ដឹកនាំក្រុមគ្រួសារ និងបុគ្គលិកហាងលក់ម៉ូតូហុងដា អុឹង ប៉ោបុី ធ្វើបុណ្យចែកទានដល់អ្នកខ្វះខាត ក្នុងឱកាសថ្ងៃខួបកំណើតរបស់កូនៗនេះដែរ ឧកញ៉ា អុឹង គីមហុង បានពន្យល់ថា៖ “តាមពិតទៅ សកម្មភាពចែកទានជូនអ្នកក្រីក្រ ខ្វះខាត រាល់ពេលថ្ងៃខួបកំណើតកូនៗ ខ្ញុំ និងភរិយា ធ្វើមិនដែលខានទេ ហើយបានក្លាយជាទម្លាប់ធ្វើបុណ្យប្រចាំគ្រួសារខ្ញុំទៅហើយ។ ក្នុងន័យនេះ ពួកខ្ញុំ ចង់បង្ហាញភាពជាគំរូ និងបណ្ដុះគំនិតដល់កូនៗ ឱ្យគាត់មានសទ្ធាជ្រះថ្លា ចេះធ្វើបុណ្យ ចែករំលែក និងជួយសង្គ្រោះអ្នកខ្វះខាត ទោះតិចក្ដីច្រើនក្ដី ហើយនេះជាវប្បធម៌ចែករំលែកមួយក្នុងសង្គមផងដែរ”។



លោកបាន បន្ថែមថា ក្រោយសកម្មភាពធ្វើបុណ្យចែកទាននេះ ក៏មានដែរ កម្មវិធីនៃការជួបជុំបន្តិចបន្ទួចទ្រង់ទ្រាយតូច តែមិនបានអញ្ជើញភ្ញៀវកិត្តិយសចូលរួមឱ្យធំដុំទេ ដោយសារចូលរួមវិធានការ ៣ការពារ ៣កុំ ជាមួយរាជរដ្ឋាភិបាល ទោះប្រទេសយើងមានការបើកទូលាយ ឱ្យមានការជួបជុំគ្រប់កម្មវិធីតូចធំឡើងវិញក៏ដោយ។

ក្រៅពីការចូលរួមធ្វើសកម្មភាពមនុស្សធម៌ជាញឹកញាប់ហើយនោះ មុខជំនួញផ្សេងៗទៀតរបស់ ឧកញ៉ា អុឹង គីមហុង (ឧកញ៉ា គួរឱ្យស្រលាញ់)និងលោកជំទាវ សុខ ស្រីអូន ដូចជា ក្រុមហ៊ុន ធីអិលអិល ដែលជាក្រុមហ៊ុន លក់ដីឡូ និងផ្ទះល្វែង នៅផ្លូវជាតិលេខ៥១ ,ហាងលក់ម៉ូតូហុងដា អុឹង ប៉ោបុី លើផ្លូវ២០០៤ និងហាង UPP Salon &Cosmetic លក់គ្រឿងសម្អាងគ្រប់ប្រភេទផ្ដាច់មុខមកពីប្រទេសកូរ៉េ រួមទាំងមុខជំនួញផ្សេងៗទៀតរបស់អភិជន ជាសហគ្រិនឆ្នើមទាំង២ ក៏កំពុងតែរួមចំណែកផ្ដល់ការងារធ្វើជូនប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនជាច្រើននាក់ផងដែរ៕



