ព្រះមហាក្សត្រកម្ពុជា ស្នើសុំអង្គការយូណេស្កូដាក់បញ្ចូល «គុនល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» របស់កម្ពុជាក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក។
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសស្តេចគង់បំពេញព្រះរាជកិច្ចនៅទីក្រុងប៉ារីស នៃប្រទេសបារាំង ព្រះអង្គសព្វព្រះរាជហឫទ័យជម្រាបជូនអំពីគោលបំណងរបស់កម្ពុជាដែលកំពុងរៀបចំឯកសារស្នើសុំដាក់បញ្ចូល «គុនល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» ក្នុងប្រភេទបេតិកភណ្ឌវប្បធម៌អរូបី និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» របស់កម្ពុជា ក្នុងប្រភេទបេតិកភណ្ឌពិភពលោក ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ ក្នុងព្រះរាជសវនការដ៏ឧត្តុង្គឧត្តម ជាមួយលោកជំទាវ AUDREY AZOULAY អគ្គនាយិកា នៃអង្គការយូណេស្កូ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។
គួររម្លឹកឡើងវិញថា នាថ្ងៃទី១០ ខែវិចិ្ឆកា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ស្តេចសព្វព្រះរាជហឫទ័យយាងតាមព្រះរាជទីនាំងយន្តហោះពិសេស ទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីចូលរួមក្នុងមហាសន្និបាតលើកទី៤១ និងខួបទី៧៥ របស់អង្គការយូណេស្កូ ចាប់ពីថ្ងៃទី១០ ដល់ ទី១៥ ខែវិចិ្ឆកា ឆ្នាំ២០២១ តបតាមសេចក្តីក្រាបបង្គំសូមយាងរបស់ លោកជំទាវ Audrey Azoulay អគ្គនាយិកា នៃអង្គការអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌របស់អង្គការសហប្រជាជាតិ។
នៅក្នុងពិធីប្រារព្ធខួប៧៥ឆ្នាំនៃការបង្កើតអង្គការយូណេស្កូ ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ជាមួយនឹងវត្តមានរបស់ប្រមុខរដ្ឋ និងរដ្ឋាភិបាលពីប្រទេសចំនួន ២០ ព្រះអង្គបានយាងឡើងថ្លែងព្រះរាជសុន្ទរកថា ដែលនៅក្នុងនោះ ព្រះអង្គបានសង្កត់ធ្ងន់លើសកម្មភាព របស់អង្គការយូណេស្កូនៅប្រទេសកម្ពុជា។
អង្គការ យូណេស្កូ ដែលជាស្ថាប័នមួយរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកទៅលើការអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ ១៩៤៥ ខណៈដែល កម្ពុជាបានចូលជាសមាជិករបស់យូណេស្កូ នៅថ្ងៃទី ៣កក្កដា ឆ្នាំ ១៩៥១។
នៅចំពោះមុខគណៈប្រតិភូ បរទេស ដែលមានតាំងពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល រួមទាំងមន្រ្តីរដ្ឋាភិបាល មកពីប្រទេសជាង៦០ ក្នុងពិភពលោក ព្រះករុណាព្រះមហាក្សត្រនៃកម្ពុជា បានរំលឹកផងដែរអំពីអនុស្សាវរីយ៍ ក្នុងពេលព្រះអង្គធ្លាប់ ធ្វើជាឯកអគ្គរាជទូត តំណាងព្រះរាជាណាចក្រកម្ពុជា នៅអង្គការយូណេស្កូ ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០០៣៕