អ្នកជំនួញជើងចាស់ជោគជ័យល្បីឈ្មោះរាប់ទស្សវត្ស អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា ទោះបីជាការបរាជ័យតែងតែធ្វើឱ្យយើងមិនមានអារម្មណ៍ល្អ ហើយពេលខ្លះទៀត វាអាចជាបទពិសោធន៍ដ៏គួរឱ្យភ័យខ្លាចក៏ដោយ វាក៏ផ្តល់ឱ្យយើងនូវរបត់នៃការសិក្សាដ៏សំខាន់ផងដែរ។
អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មានប្រសាសន៍ថា តើអ្នកបានត្រៀមខ្លួនដួល ហើយងើបឡើងវិញឬទេ? តើអ្នកពេញចិត្តខ្លាំងចំពោះអ្វីដែលកំពុងព្យាយាមធ្វើ បើទោះជាវាប្រហែលមិនអាចសម្រេចបានក៏ដោយឬ? សូមចងចាំថាជាទូទៅ បរាជ័យជារឿងធម្មតាបណ្តោះអាសន្នប៉ុណ្ណោះ។ “វាមិនមែនជាបរាជ័យទេ តែវាជាមេរៀនជីវិត។” ភាពបរាជ័យរបស់អ្នកគឺជាគ្រូដ៏អស្ចារ្យបំផុតរបស់អ្នក។
បើតាមអ្នកឧកញ៉ា ការទទួលយកការបរាជ័យមិនមែនមានន័យថា អ្នកគួររំពឹងថាអ្នកនឹងបរាជ័យគ្រប់ទង្វើដែលអ្នកសម្រេចចិត្តធ្វើនោះទេ ប៉ុន្តែជាជាងមើលឃើញរាល់ការបរាជ័យជាភាពអវិជ្ជមាន សូមទទួលយកការបរាជ័យ បើវាកើតឡើង ហើយបើកចិត្តឱ្យទូលាយ រៀនអភិវឌ្ឍផ្នត់គំនិត តាមរយៈមេរៀនជីវិតផ្សេងៗទាំងនោះ។
ជាមួយគ្នានេះ លោកបានប្រៀបធៀបជាមួយនឹងភាពយន្តគំនូរជីវចល Kungfu Panda យើងច្បាស់ជាបានឃើញឈុតមួយដែល ខ្លាឃ្មុំផេនដានោះបានបន្តហ្វឺតហាត់ ទោះបីជាខ្លួនបរាជ័យជាច្រើនដងក៏ដោយ ហើយរហូតទាល់តែដល់ពេលមួយដែលការហ្វឹតហាត់របស់ខ្លួនមានភាពស្ទាត់ជំនាញ។
លោកបន្តថា សូមព្យាយាមឱ្យបានច្រើនដងទៅតាមឱកាសដែលអ្នកទទួលបាន មិនថាអ្នកធ្លាប់បរាជ័យច្រើនដង សូមព្យាយាមរៀនពីបរាជ័យទាំងនោះ ហើយអ្នកនឹងរកឃើញផ្លូវទៅកាន់ភាពជោគជ័យ៕