ក្រុមហ៊ុន ឧកញ៉ា តែ តាំងប៉ ទទួលសិទ្ធិពិសេសកែចង្កូតរថយន្តស្លាកលេខ ខ.ម ទូទាំងប្រទេសពីស្ដាំមកឆ្វេង

ជុំវិញ​ឧកញ៉ា

បន្ទាប់ពីមានការប្រជុំ ពិភាក្សារកដំណោះស្រាយ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានសម្រេចសហការ នឹងផ្ដល់សិទ្ធិជូន ឧកញ៉ា តែ តាំងប៉ អគ្គនាយកក្រុមហ៊ុន S.T.P INTERNATIONAL (CAMBODIA) PUBLIC CO., LTD. ទទួលភារកិច្ចក្នុងការបញ្ចុះតម្លៃលើការប្ដូរចង្កូតរថយន្តពីស្ដាំមកចង្កូតឆ្វេង។ នេះបើតាមការឱ្យដឹងពី សេចក្ដីជូនដំណឹងរបស់ ខុទ្ទកាល័យកងទ័ពជើងគោក កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការសហការគ្នាលើការចូលរួមកែសម្រួលបច្ចេកទេសចង្កូតរថយន្តឱ្យត្រូវតាមស្តង់ដា សុវត្ថិភាពរថយន្ត និងស្របតាមច្បាប់ចរាចរណ៍នៅប្រទេសកម្ពុជានេះ ធ្វើឡើងក្នុងគោលបំណងជួយសម្រាលបន្ទុកយោធិន ដែលជាម្ចាស់រថយន្តបំពាក់ស្លាកលេខ កងយោធពលខេមរភូមិន្ទ ទាំងអស់ប្ដូរចង្កូតពីស្ដាំ មកឆ្វេង និងចូលរួមបង់ពន្ធអាករនាំចូល តាមបទបញ្ជា និងគោលនយោបាយប្រមូលពន្ធរដ្ឋ របស់រាជរដ្ឋាភិបាល។

ក្រុមហ៊ុន S.T.P INTERNATIONAL (CAMBODIA) PUBLIC CO., LTD. របស់ឧកញ៉ា តែ តាំងប៉ នឹងទទួលខុសត្រូវលើការប្ដូរចង្កូតរថយន្តពីស្ដាំមកឆ្វេងនេះ ដោយធានានូវគុណភាពសម្ភារ លក្ខណៈបច្ចេកទេស និងស្តង់ដារសុវត្ថិភាពរថយន្ត ស្របតាមច្បាប់ចរាចរណ៍នៅកម្ពុជា។

ហេតុដូច្នេះ សូមអំពាវនាវដល់ម្ចាស់រថយន្តចង្កូតស្ដាំទាំងអស់ ដែលមិនទាន់ប្ដូរចង្កូតពីស្ដាំមកឆ្វេងឱ្យត្រូវតាមស្តង់ និងមិនទាន់បានបង់ពន្ធអាករចូលរដ្ឋទាំងអស់ រៀបចំឯកសារបែបបទស្នើសុំឱ្យទាន់ពេលវេលា។

គួរបញ្ជាក់ថា  រាជរដ្ឋាភិបាល បានជូនដំណឹងជាលើកចុងក្រោយ ណែនាំឱ្យម្ចាស់រថយន្ត​ចង្កូត​ស្តាំទាំងអស់នៅកម្ពុជា  ដាច់ខាតត្រូវ​កែ​ចង្កូត​ពីស្តាំ មក​ឆ្វេង​ មុនអនុញ្ញាតឱ្យ​បង់ពន្ធ និង​អាករ​នាំចូលស្របច្បាប់ជូនរដ្ឋ​។ ការអនុញ្ញាត​នេះ មាន​ឱសានវាទ ត្រឹម​ដំណាច់​ខែមិថុនា ឆ្នាំ​២០២២​។ ចាប់ពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២២ ឡាន​ចង្កូត​ស្តាំ ដែល​មិនទាន់ព្រមកែ និងបំពេញកាតព្វកិច្ច​បង់ពន្ធ​នាំចូល នឹងត្រូវ​ចាប់ដក​ហូត ហើយកម្ទេចចោល​ដោយគ្មានការលើកលែងឡើយ៕