សម្តេចតេជោ ហ៊ុន សែន ស្នើសុំឲ្យពង្រឹងគុណភាពកម្រិតថ្នាក់បណ្ឌិត

ជុំវិញ​ឧកញ៉ា សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃទី ២១ ខែ វិច្ឆិកា ២០១៩ នៅក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធ “អគារឥន្ទ្រទេវី” របស់រាជបណ្ឌិត្យសភាកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បង្ហាញអំ​ពីក្តីបារម្ភទៅលើចំនួនបេក្ខជនជា​”បណ្ឌិត”​ដែល​មាន​ច្រើនហួស សរុបទាំងចាស់ និងថ្មី មានប្រមាណជាង ៦០០ នាក់ នៅរាជបណ្ឌិត្យ​សភា​កម្ពុជា​ អាចចាត់ថាជាប្រទេសដែលមានចំនួន “ បណ្ឌិត” ច្រើនជាងគេនៅលើពិភពលោក បើ​ប្រៀប​ធៀប​នឹងចំនួនអត្រាប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការទទួលបានងារជា “ បណ្ឌិត” តែគ្មានចំណេះដឹង និង​សមត្ថភាព​ពិត​ប្រាកដ គឺជាក្តីបារម្ភដ៏ធំបំផុតរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោក៏​បាន​មានសប្រសាសន៍ចំពោះអ្នកដែលគ្មានសញ្ញាបត្របណ្ឌិត តែបានខិតខំសិក្សាស្រាវជ្រាវ​ដើម្បី​ទទួល​បាននូវបទពិសោធន៍ និងចំណេះដឹងពិតប្រាកដបន្ថែម គឺត្រូវមានការទទួលស្គាល់ និងលើកទឹកចិត្ត។

ដើម្បីពង្រឹងគុណភាពកម្រិត “បណ្ឌិត” សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យក្រុមប្រឹក្សា​រាជបណ្ឌិត្យ​សភា​ត្រូវ​តែត្រួតពិនិត្យឲ្យបានច្បាស់លាស់នូវគុណភាពបេក្ខជន​ដែលត្រូវបញ្ចប់​ថ្នាក់​បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជា។ ចំពោះអ្នកណែនាំនិក្ខេបបទត្រូវមាន​សមត្ថភាពនិង​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់មុននឹងក្លាយជាអ្នកណែនាំធ្វើនិក្ខេបទដល់បក្ខជននីមួយៗ។ ជាមួយគ្នានេះដែរ សម្តេចតេជោ បានស្នើឲ្យរាជបណ្ឌិត្យសភាត្រូវតែពង្រឹង និងបង្កើនសមត្ថភាព​ចំពោះ​ក្រុមប្រឹក្សា​ការពារ​និក្ខេបបទ ហើយត្រូវពង្រឹងគុណភាពនៃការបោះឆ្នោតជាសំងាត់ដើម្បីធានាថា បេក្ខជន​នីមួយៗ​ពិតជាមានចំណេះដឹង និងសមត្ថភាពច្បាស់លាស់ អាចជាប់និងក្លាយជា “ បណ្ឌិត” បានពិតប្រាកដមែន៕


ប្រភព​ផេក៖ Samdech Hun Sen, Cambodian Prime Minister