អ្នកជំនាញនៅក្នុងវិស័យកសិកម្ម បានណែនាំកសិករដែលប្រកបអាជីវកម្មដាំស្វាយ ឲ្យចេះកែប្រែចំការស្វាយកែវរមៀត ទៅស្វាយផ្សេងៗទៀត សម្រាប់បំពេញតម្រូវការទីផ្សារ និងស្របតាមបរិបទកូវីដ-១៩។
អ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប មានប្រសាសន៍ថា កន្លងមកលោកបានកាត់តមែកស្វាយកែវរមៀត ហើយប្តូរទៅពូជស្វាយកែវសាវើយ និងពូជណាំដកម៉ៃ ដែលអាចបំពេញតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញក្រៅប្រទេស។ លោកពន្យល់ថា បើកសិករដាំស្វាយកែវរមៀត គឺបានតែនាំចេញទៅក្រៅប្រទេស ហើយនឹងធ្វើសំងួតប៉ុណ្ណោះ ដល់ពេលឥឡូវជួបវិបត្តិជំងឺកូវីដនេះ យើងមិនអាចនាំចេញបានទេនៅប្រភេទស្វាយកែវរមៀត។
លោកថ្លែងថា៖ “ឆ្នាំនេះ ក្រុមហ៊ុន ម៉ុង ឬទ្ធី អាចបន្តពូជបានជាង ៥ ០០០ដើម ឲ្យទៅស្វាយពីរប្រភេទសម្រាប់យកទៅបំពេញតម្រូវការទីផ្សារក្នុងស្រុក ក៏ដូចជាការនាំចេញទៅក្រៅប្រទេសដូចជាប្រភេទស្វាយកែវសាវើយ ដែលជាពូជហូបស្វាយចាស់ និងស្វាយណាំដកម៉ៃ ខ្ចីជូខ្លាំងដល់ពេលទុំផ្អែមខ្លាំង កំពុងមានតម្រូវការខ្លាំងនៅលើទីផ្សារពិភពលោក”។
បើតាមអ្នកជំនាញរូបនេះ ការបន្តពូជ គឺមិនអាចបន្តមួយថ្ងៃមួយខែបាននោះទេ ពោលអាចនឹងប្រើរយៈពេលយូ ពីព្រោះលោកកាត់តប្តូរពូជប្រមាណជាង ៥ ០០០ដើម ខណៈមួយថ្ងៃក្រុមការងារបស់លោកបន្តពូជមិនដល់ ១០០ដើមផង។ ម្យ៉ាង រដូវវស្សាមិនអាចបន្តពូជបានទេ គឺមានទឹកភ្លៀវធ្លាក់ហូចូលអត់ជាប់នោះទេ ហើយការបន្តពូជនេះ គឺធម្មជាតិសុទ្ធសាធ ដោយមិនប្រើគីមី។
សម្រាប់អ្នកឧកញ៉ាដែលមានឈ្មោះល្បីខាងវិស័យកសិកម្ម ការកាត់តដូពូជស្វាយនេះ មិនមែនជារឿងងាយស្រួលនោះទេ ប្តូរពូជបានហើយប្រសិនបើយើងមិនដើរបេះមែកព្រៃចេញទេវានឹងអាចខូច ហើយត្រូវថែទាំវាជាប្រចាំ។ មួយវិញទៀត បញ្ហា សត្វល្អិតមកស៊ីត្រួយស្វាយ ព្រោះសត្វល្អិតចូលចិត្តស៊ីត្រួយស្វាយណាស់ ដូច្នេះយើងត្រូវតែមានថ្នាំបាញ់សម្លាប់សត្វល្អិតផងដែរ។
អ្នកឧកញ៉ាញ្ជាក់ថា៖ “បន្ទាប់ពីកាត់តប្តូរពូជរួចរាល់ហើយ យើងត្រូវម្ជួរត្រឡប់ដីឲ្យវាល្អ និងដាក់ជីជាបន្តបន្ទាប់ ដើម្បីឲ្យស្វាយឆាប់លូតលាស់ល្អ។ ធ្វើដូច្នេះ ពូជស្វាយខ្លះអាយុ ១០ខែ ទៅ ១២ខែអាចនឹងចេញផ្កាខ្លះៗ”។
លោកបានរំលឹកថា ក្រោយក្រុមហ៊ុន ម៉ុង ឬទ្ធី កាត់តប្តូរពូជស្វាយពីកែវរមៀត ទៅស្វាយកែវសាវើយ និងណាំដកម៉ៃរួច ក៏មានជនជាតិកូរ៉េជាច្រើននាក់មកទស្សនកិច្ចនៅចម្ការស្វាយ ហើយភ្ញៀវជនជាតិកូរ៉េនោះ បានលើកឡើងថា មិនដែលបានឃើញនោះទេនៅស្រុកគាត់ ទើបតែឃើញនៅប្រទេសកម្ពុជានៅចម្ការដ៏ធំរបស់លោក។ ជាមួយគ្នានេះ ជនជាតិកូរ៉េទាំងនេះ ពួកគាត់ពិតជាចង់មើលពីរបៀបបន្តពូជរបស់លោក។ អ្នកឧកញ៉ា ម៉ុង ឬទ្ធី ថ្លែងថា លោកស្ទើរតែមិនជឿនោះទេ នៅការលើកឡើងរបស់ជនជាតិកូរ៉េក្នុងឪកាសមកបំពេញទស្សនកិច្ច។
ដោយឡែក សម្រាប់ស្វាយអាយវិន ដែលអ្នកឧកញ៉ាបាននាំពូជពីប្រទេសតៃវ៉ាន់មកដាំចម្ការ ខណៈបច្ចុប្បន្នកំពុងមានទីផ្សារ ប៉ុន្តែលោកថាពិបាកក្នុងការថែទាំ វាត្រូវការបច្ចេកទេសថែទាំខ្លាំង ពីអ្នកជំនាញ។
អ្នកឧកញ៉ា ម៉ុង ឬទ្ធី បន្ថែមទៀតថា កន្លងមកក្រុមហ៊ុនរបស់លោកបាននាំស្វាយចេញទៅសហគមន៍អឺរ៉ុប តាមរយៈយន្តហោះក្នុងមួយជើងបានប្រមាណ ១០តោន។ មូលហេតុដែលដឹកតាមយន្តហោះ ដោយសារក្រុមហ៊ុនយន្តហោះ Qatar បានអនុគ្រោះតម្លៃដឹកជញ្ជូនដែលអាចឲ្យលោកនាំចេញទៅបាន។ ប៉ុន្តែជាអកុសល ដោយសារវិបត្តិកូវីដ-១៩ គឺគ្មានយន្តហោះដឹកទៅទៀតនោះទេ។
ក្នុងរបាយការណ៍ដែលចេញនាពេលថ្មីៗនេះ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការនាំចេញផ្លែស្វាយស្រស់របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើងគួរអោយកត់សម្គាល់ ដែលស្មើនឹង២៥១% ឬ ១៦៣,៨២៨ តោនក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ។ ទីផ្សារចម្បងសម្រាប់ផលិតផលស្វាយរបស់កម្ពុជា រួមមានវៀតណាម ថៃ ចិន កូរ៉េ ហុងកុង សិង្ហបុរីគុយវ៉ែត ហ្វីលីពីន ជប៉ុន ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាហ្សាក់ស្ថាន និងរុស្ស៊ី។
យោងតាមស្ថិតិឆ្នាំ ២០២០ បានបង្ហាញថា ផ្ទៃដីដាំដុះដំណាំស្វាយនៅកម្ពុជា មានចំនួនជាង ១៣ម៉ឺនហិកតា ផ្ទៃដីអាចប្រមូលផលមានចំនួនជាង ៩ម៉ឺនហិកតា និងទិន្នផលជាមធ្យមទទួលបាន ១៥តោនក្នុងមួយហិកតា ដែលកម្ពុជាអាចមានបរិមាណស្វាយស្រស់ប្រមាណ ១,៣លានតោនក្នុងមួយរដូវជាមធ្យម៕