អ្នកឧកញ៉ា ឧកញ៉ាល្បីឈ្មោះលំដាប់កំពូលរបស់កម្ពុជាចំនួន៦រូប រួមគ្នាបរិច្ចាគទឹកប្រាក់ ១០លានដុល្លារ ជូនដល់រដ្ឋាភិបាលឡាវ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសឡាវ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ នៅវិមានសន្តិភាព នាល្ងាចថ្ងៃចន្ទនេះ។
អ្នកឧកញ៉ា ឧកញ៉ាទាំង ៦រូបនោះមាន៖
១.អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកជំទាវ ម៉ៅ ចំណាន ចូលរួមបរិច្ចាគថវិកា ២លានដុល្លារ
២.អ្នកឧកញ៉ា ភាព ហៀក អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ម្ចាស់ក្រុមហ៊ុន ជីបម៉ុង គ្រុប បរិច្ចាគថវិកា ២លានដុល្លារ
៣.អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរីឡេង ណាវ៉ាត្រា ចូលរួមបរិច្ចាគថវិកា ២លានដុល្លារ
៤.អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បរិច្ចាគថវិកា ២លានដុល្លារ
៥.ឧកញ៉ា ថៃ ជាហួត អគ្គនាយកក្រុមហ៊ុន ប៉េងហួត គ្រុប បរិច្ចាគថវិកា ១លានដុល្លារ
៦.ក្រុមហ៊ុន ING Holdings Co., Ltd ចូលរួមបរិច្ចាគថវិកា ១លានដុល្លារ
បន្ថែមលើនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់ថវិកាចំនួន ៣លានដុល្លារ និងជំនួយវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥០ ម៉ឺនដូស និងរថយន្តពីរគ្រឿងថែមទៀតជូនប្រទេសឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។
ការផ្តល់ជំនួយជាថវិកា និងវ៉ាក់សាំងបង្ការកូវីដ រួមនឹងរថយន្តដល់ប្រទេសឡាវរបស់ប្រមុខរាជរដ្ឋាភិបាល និងអ្នកឧកញ៉ា ឧកញ៉ា ម្ចាស់ក្រុមហ៊ុនល្បីៗ នៅគ្រានេះស្របពេលដែលលោក ផនខាំ វីផាវ៉ាន់ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចំនួនពីរថ្ងៃ គឺចាប់ថ្ងៃទី២៩ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១។