នៅថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល រួមទាំងសហការីរបស់ខ្លួន ជាច្រើននាក់ទៀត បានបន្តនាំយកអំណោយសប្បុរធម៌ និងថវិកាមួយចំនួន ជូនដល់កុមារកំព្រា និងចាស់ជរា ក្នុងខេត្តកែប។
តាមរយៈ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណណៈអភិបាលខេត្តកែប ឧកញ៉ា សំ សុខនឿន បានរៀបចំជាអំណោយជាច្រើនប្រភេទ ដូចជាសម្ភារៈសិក្សា កង់ អាល់កុល ទឹកប្រាក់មួយចំនួន ជាពិសេស គឺមានជាអាវរងា សម្រាប់លោកពូអ្នកមីង លោកយាយ លោកតា ស្របពេលដែលខែកត្កិកធ្លាក់ខ្យល់ត្រជាក់ កំពុងរំកិលខ្លួនចូលមកដល់។
អំណោយ និងថវិកា ដែលកើតចេញពីទឹកចិត្តសប្បុរធម៌របស់ ប្រធានសមាគមអចលនទ្រព្យសកល ឧកញ៉ា សំ សុខនឿន និងក្រុមការងារ រួមមាន៖
១. កង់ចំនួន ១០ គ្រឿង
២. កាតាបស្ពាយរៀន ចំនួន ៤០
៣. សៀវភៅចំនួន ២០០ ក្បាល
៤. ទឹកសំលាប់មេរោគចំនួន ២០ កាន
៥. ដបបាញ់(ស្រ្ពាយ) ចំនួន ២០០ ដប
៦. អាវរងាសម្រាប់ចាស់ជរាខែរងា ចំនួន ២៣០ អាវ
៧. និងទឹកប្រាក់ចំនួន ១០ លានរៀល។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅ លោក បឿន រឹទ្ធិ ប្រធានសមាគមអចលនទ្រព្យសកលប្រចាំខេត្តសៀមរាប តំណាង ឧកញ៉ា សំ សុខនឿន ក៏បាននាំយកនូវថវិកាចំនួន ៥លានរៀល និងអាវយឺតចំនួន ៣០០អាច ចែកជូនដល់ស្រ្តីមេម៉ាយ និងចាស់ជរា កំពុងខ្វះខាតជីវភាព ចំនួន ៣០គ្រួសារ នៅក្នុងភូមិខ្នារសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប តាមរយៈលោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ផងដែរ៕