កាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ អគ្គនាយករងក្រុមហ៊ុន ប៊ែលធីគ្រុប ឧកញ៉ា លី សុវណ្ណ ទើបបានប្រកាសជូនដំណឹងជាសារណៈថា មានជនខិលខូច បានលួចបន្លំបង្កើត បណ្ដាញសង្គមតេឡេក្រាម ដាក់ឈ្មោះថា LY Sovann ដោយដាក់រូបថតលោក និងភរិយា ហើយឆាតទៅអ្នកដែលគាត់ស្គាល់ជាច្រើននាក់។


ថ្នាក់ដឹកនាំ ក្រុមហ៊ុន ប៊ែលធីគ្រុប រូបនេះ បានរៀបរាប់លើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន យ៉ាងដូច្នេះថា៖ “សូមប្រកាស និង សូមជូនដំណឹងដល់ លោកអ៊ុំ លោកពូ អ្នកមុីង បងប្អូន និងមិត្តភ័ក្រ្តទាំងអស់អោយបានជ្រាបថា: ដោយសារមានជនខិលខូចបានលួចបន្លំបង្កើត Telegram ដាក់ឈ្មោះ LY Sovann និងដាក់រូបថតរបស់ខ្ញុំ និង ភរិយាខ្ញុំ ហេីយបានឆាតទៅអ្នកដែលស្គាល់ខ្ញុំជាច្រើនអ្នក។ សូមលោកអ៊ុំ លោកពូ អ្នកមុីង បងប្អូន និង មិត្តភ័ក្រ្តទាំងអស់មេត្តាប្រុងប្រយត្ន័។ ហេីយខាងខ្ញុំ និង ភរិយាខ្ញុំ មិនទទួលខុសត្រូវ រាល់អំពើខុសច្បាប់ ឬការឆបោកណាមួយតាមរយះ Telegram ឈ្មោះ LY Sovann នេះឡើយ។ សូមអរគុណ”។

យ៉ាងនេះក្ដី ឧកញ៉ា លី សុវណ្ណ មិនបានបញ្ជាក់លម្អិតថា ជនខិលខូចដែលកំពុងបំពានសិទ្ធិឯកជន និងបន្លំបង្កើតតេឡេក្រាមខ្លួនដោយគ្មានការអនុញ្ញាតនេះ មានប្រភពពីខាងណាទេ ប៉ុន្តែបើយោងតាមសារឆ្លើយឆ្លង ដែលជនខិលខូចនោះឆាតទៅកាន់មនុស្សស្និតស្នាលនឹងលោក ទំនងជាពួកជនបោកប្រាស់តាមអនឡាញមកពីក្រៅប្រទេស។
អាស្រ័យហេតុនេះ សូមបងប្អូនសាធារណៈជន សាច់ញាតិ និងមិត្តភ័ក្តិ របស់ឧកញ៉ា លី សុវណ្ណ ទាំងអស់ មេត្តាជ្រាបជាដំណឹង និងបង្កើនការប្រុងប្រយ័ត្ន បង្ការទុកជាមុន ខ្លាចក្រែងជនខិលខូចទាំងនោះ ឆាតទៅបងប្អូនក្នុងបំណងខុសច្បាស់ ឬករណីឆបោកណាមួយ។



គួរបញ្ជាក់ថា ករណីឆបោកតាមអិនធឺណេត នៅកម្ពុជា ជាពិសេសករណីបន្លំខ្លួន បង្កើតបណ្ដាញសង្គម និងប្រើប្រាស់រូបភាព របស់ម្ចាស់ដើម ឆាតទៅឆបោកមនុស្សស្និតស្នាលបែបនេះ តែងកើតមានឡើងជាញឹកញាប់ ជាពិសេសបណ្ដាញសង្គមរបស់ ថ្នាក់ដឹកនាំ និងបុគ្គលសាធារណៈ ដែលមានមហាជនខ្មែរស្គាល់ច្រើន៕