ម្ចាស់ជំនួយ ភាគីរដ្ឋាភិបាល និងអ្នកតាមដានសង្គម លើកឡើងជុំវិញ​ការផ្តល់​​ថវិការួម​នឹងវ៉ាក់សាំង​ទៅកាន់​ប្រទេសឡាវ​

ជុំវិញ​ឧកញ៉ា

ទឹក​ប្រាក់ចំនួន ​១៣លានដុល្លារ​ និង​វ៉ាក់សាំង​បង្ការជំងឺ​កូវីដ-១៩​ ៥០ម៉ឺន​ដូស​ដែលជា​ជំនួយរួមគ្នា​រវាងបណ្តា​អ្នកជំនួញធំៗ​ រួមនឹងរាជរដ្ឋាភិបាលកម្ពុជា កាល​ថ្ងៃទី​ ២៩​ វិច្ឆិកា​កន្លង​ទៅ បាន​ប្រគល់ជូនដល់នាយករដ្ឋមន្រ្តីឡាវ ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​មេរោគកូវីដ-១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មុនចាក់ចេញពីកម្ពុជានៅដំណើរទស្សនកិច្ចការទូតផ្លូវការពីរថ្ងៃនៅកម្ពុជា ពោលគឺថ្ងៃទី ២៩-៣០ ខែវិច្ឆិកាកន្លងទៅ លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ បានអះអាងថា នៅក្នុងដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជាមួយជើងនេះ គឺទទួលបានជោគជ័យយ៉ាងធំធេងនៅក្នុងការរឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងបងប្អូនរវាងប្រទេសទំាងពីរលើគ្រប់វិស័យ ទាំងការងារសង្គម ពាណិជ្ជកម្ម ពិសេស រដ្ឋាភិបាលទាំងពីរបានសន្យាខិតខំដោះស្រាយបញ្ហានៅសេសសល់លើកិច្ចការព្រំដែន ដើម្បីប្រែក្លាយជាបន្ទាត់ព្រំដែនសន្តិភាព អភិវឌ្ឍ និងបងប្អូន។

ជុំវិញ​ការផ្តល់​ជំនួយ​ជាថវិកា​និងវ៉ាក់សាំង​របស់កម្ពុជា​ទៅកាន់​ប្រទេសឡាវ​ ត្រូវបានភាគីរដ្ឋាភិបាល ម្ចាស់ជំនួយនិងអ្នកតាមដានសង្គមបានលើក​ឡើងថា​ សកម្មភាព​បែបនេះ​ គឺបាន​បង្ហាញ​អំពីគុណតម្លៃ​មនុស្សធម៌​ និងរឹត​ចំណង​កិច្ចសហប្រតិបត្តិ​ការវាងប្រទេសទាំង​ពីរបន្ថែម​ទៀត។​ ទោះយ៉ាងណាក៏ដោយ មានទស្សនៈមួយចំនួនបានលើកឡើងដែរថា​ កម្ពុជា​ក៏ត្រូវ​គិតគូរ​ និង​ដោះស្រាយ​ផលប៉ះពាល់​របស់ប្រជាជន​ខ្លួនឱ្យបានច្រើនជាជាងទៅជួយបរទេស។​

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ ថា មិត្តជិតខាងល្អ មានលក្ខខណ្ឌជាច្រើនដើម្បីរក្សាកិច្ចសហប្រតិបត្តិការ សន្តិភាព និងដៃគូរអភិវឌ្ឍ នៅក្នុងន័យ មិត្តជិតខាងល្អ និងបង្ហាញពីចំណង់មេត្រីភាពបន្ថែមទៀត ដែលថាមិត្តល្អស្គាល់គ្នាក្នុងគ្រាអាសន្ន។ លោកបានពន្យល់ថា ប្រទេសឡាវកំពុងជួបប្រទះវិបត្តិជំងឺកូវីដ-១៩ ដូច្នេះក្រៅពីការផ្តល់ជំនួយនេះ គឺបង្ហាញពីសន្តានចិត្តបន្ថែមនៃមិត្តភាពល្អរវាងកម្ពុជា-ឡាវ។

ក្នុងនាមជាម្ចាស់ជំនួយម្នាក់ដែលបានផ្តល់ជូនរដ្ឋាភិបាលឡាវចំនួន ២លានដុល្លារផងដែរនោះ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មានប្រសាសន៍ថា សកម្មភាពមនុស្សធម៌នេះគឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពប្រពៃណី សាមគ្គីភាព ភាតរភាព ភាពជាដៃគូយុទ្ធសាស្ត្រ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោកផងដែរ។

លោកបណ្ឌិត គិន ភា ប្រ​ធា​នវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ជាវិកាយវិការមនុស្សធម៌ដ៏ធំធេងមួយរបស់ប្រទេសកម្ពុជា ពីព្រោះយើងដឹងថា ប្រទេសកម្ពុជាមិនមែនជាប្រទេសដែលអ្នកមានហើយក៏មិនមែនមិនដែលរងគ្រោះដោយជំងឺកូវីដ-១៩ទេ យើងក៏កំពុងស្ថិតក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ និងស្តារសេដ្ឋកិច្ចដូចគ្នា ហើយយើងក៏ត្រូវការថវិកាច្រើនសម្រាប់ទប់ស្កាត់កូវីដ-១៩ សម្រាប់ការស្តារសេដ្ឋកិច្ចឡើងដែរ ប៉ុន្តែទស្សនវិជ្ជាមួយដែលហៅទស្សនវិជ្ជាមនុស្សធម៌របស់កម្ពុជា គឺស្គាល់គ្នាក្នុងគ្រាក្រតែងតែជួយគ្នាទៅវិញទៅមក។

មិនខុសគ្នានោះទេ ម្ចាស់ជំនួយម្នាក់ទៀតស្ថិតក្នុងចំណោមទាំង ៦រូប អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយក្រុមហ៊ុន បុរី​ឡេង ណាវ៉ាត្រា បានអះអាងថា ខ្ញុំបាទ បរិច្ចាគថវិកាចំនួន ២លានដុល្លារដល់ប្រទេសឡាវ ក្នុងគោលដៅចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ដូចគ្នានេះ ក្រុមហ៊ុន ជីប ម៉ុង ក៏បានលើកឡើងដែរថា ការបរិច្ចាគថវិកាចំនួន ​២លានដុល្លារ​ដល់ប្រទេសឡាវ ក្នុងគោលដៅចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សកម្មភាពមនុស្សធម៌នេះ ធ្វើឡើងដោយចូលរួមជាមួយរាជរដ្ឋាភិបាលនិងក្រុមហ៊ុនដទៃទៀត ដោយឈរលើស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។

ទន្ទឹមនឹងនោះ អ្នកឧកញ៉ា ចេន ហ្សុី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានបរិច្ចាគថវិកាចំនួន ២ លានដុល្លារអាមេរិក បូករួមនឹងកន្លងទៅថវិកាចំនួន ១លានដុល្លារដែលនោះ លើកឡើងថា ដើម្បីជួយដល់រដ្ឋាភិបាលឡាវ ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ បន្ថែមលើនេះ ក្រុមហ៊ុន ព្រីនស៍ ក៏មានគោលបំណងចូលរួមចំណែកក្នុងតួនាទីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជាអំពីកិច្ចការក្នុងតំបន់ ខណៈដែលនេះជាពេលវេលាដ៏លំបាកមួយសម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងមូល។

សម្រាប់លោកបណ្ឌិត គិន ភា ការចូលរួមផ្តល់ទឹកប្រាក់និងវ៉ាក់សាំងបង្ការកូវីដ-១៩ដល់ប្រទេសឡាវ គឺវាកាយវិការប្រកបដោយមនុស្សធម៌ និងប្រកបដោយគុណធម៌ធំធេងមួយរបស់រាជរដ្ឋាភិបាល ក៏ដូចជាឧកញ៉ានៅស្រុកដែលបានចែករំលែក សម្រាប់ការរួមចំណែកជាមួយរដ្ឋាភិបាលនិងប្រជាជនឡាវក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩។

បើតាមលោកបណ្ឌិត ខ្ញុំគិតថា នេះជាសកម្មភាពការទូតសាធារណៈ ឬការពង្រីកនៃអំណ​ាចទន់របស់កម្ពុជាជាមួយនឹងប្រទេសជិតខាង ព្រោះធម្មតាការដែលយើងផ្តលជំនួយជួយដល់ប្រទេសផ្សេងដោយសុចចិត្តនិងស្មារតីមនុស្សធម៌ នេះបង្ហាញឲ្យឃើញពីឥទ្ធពលខាងផ្នែកការទូត៕