គ្រាន់តែអ្នកផ្ទះប្រាប់ដំណឹង ឧកញ៉ា ម៉េន កានី ធ្វើរឿងនេះភ្លាមៗដោយមិនបានព្រាងទុកមុន

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ម៉េន កានី កាលពីពេលថ្មីៗកន្លងទៅ បានរៀបចំជាអំណោយសប្បុរសធម៌ដោយឥតបានព្រាងទុកមុន ជាមួយក្រុមគ្រួសារ និងឳពុកម្ដាយលោក នៅស្រុកកំណើត ជួយដល់ប្រជាពលរដ្ឋខ្វះខាតជីវភាព និងមានតម្រូវការចាំបាច់ ប្រមាណជាង ៣០គ្រួសារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខុសពីសព្វមួយដង ដែលលោកតែងតែ មានពេលវេលាគ្រប់គ្រាន់រៀបចំកញ្ចប់អំណោយសប្បុរធម៌ មានទាំងថវិកា ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់មួយចំនួនផ្សេងទៀត លើកនេះ ឧកញ៉ា វ័យក្មេង និងជាអគ្គនាយកក្រុមហ៊ុន GM TRADING CO.LTD ថា ការចែកអំណោយបន្តិចបន្ទួច ដោយមិនបានរៀបចំធំដុំដូចរាល់ដង ដូចដែលលោកធ្លាប់ចុះជួយប្រជាពលរដ្ឋខ្វះខាតកន្លងមក ដោយសារតែពេលនោះ លោកអញ្ជើញទៅសួរសុខទុក្ខឳពុកម្ដាយនៅស្រុកកំណើត ហើយក៏ទទួលអ្នកផ្ទះ ប្រាប់ថា ពលរដ្ឋនៅស្រុកភូមិជាច្រើនគ្រួសារកំពុងខ្វះខាត លោកក៏គិតគូចាត់ចែងជាមួយអ្នកផ្ទះធ្វើរឿងនេះភ្លាមៗតែម្ដង។

ឧកញ៉ា ម៉េន កានី បញ្ជាក់ថា៖ “ពេលហ្នឹងខ្ញុំទៅសួរសុខទុក្ខឳពុកម្ដាយខ្ញុំនៅស្រុកដូចរាល់ដង តែពួកគាត់ក៏ប្រាប់ខ្ញុំថា មានអ្នកភូមិយើងមួយចំនួនកំពុងខ្វះខាត អ្នកខ្លះខ្វះខាតដោយសារបញ្ហាកូវីដធ្វើឱ្យប៉ះពាល់ជីវភាព អ្នកខ្លះទៀត ក៏ឈឺថ្កាត់ និងជាប់ចត្តាឡីស័កផ្សេងៗ អ៊ីចឹង ខ្ញុំ និងក្រុមគ្រួសារ ក៏រៀបចាំចាត់ចែងភ្លាមៗទាំងប្រថុចញុច ជួយពួកគាត់បានបន្តិចបន្ទួច ចំនួន ៣៣គ្រួសារ តាមជាក់ស្ដែងហ្នឹងឯង”។

ឧកញ៉ា ម៉េន កានី ចុះចែកអំណោយជូនពលរដ្ឋក្នុងគ្រោះទឹកជំនន់ នាពេលកន្លងមក

លោកថាការចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋខ្វះខាតលើកនេះ មិនជាច្រើនប៉ុន្មានទេ ប៉ុន្តែលោកថា តិច ឬច្រើន មិនសំខាន់ សំខាន់យើងបានចូលរួមធ្វើអំពើល្អក្នុងសង្គម ទៅតាមលទ្ធភាព។ “ហើយនេះក៏មិនមែនជាលើកទី១ដែរ គ្រាន់តែថា ការចែកអំណោយលើកនេះ ខ្ញុំធ្វើទាំងប្រថុចញុច ព្រោះគ្រាន់តែអ្នកផ្ទះប្រាប់ដំណឹងនេះភ្លាម ខ្ញុំចាត់ចែងភ្លាមៗ តាមជាក់ស្ដែងតែម្ដង”។ ឧកញ៉ា ម៉េន កានី បន្ថែម។

អំណោយដែល ឧកញ៉ា ម៉េន កានី ចែកជូនបងប្អូនប្រជាពលរដ្ឋខ្វះខាត ចាស់ជរា និងកុមារ ជាង ៣០គ្រួសារ កាលពីពេលថ្មីៗកន្លងទៅធ្វើឡើងនៅ ភូមិថ្នល់បន្ទាយ សង្កាត់ពន្សាំង ខណ្ធព្រែកព្នៅ រាជធានីភ្នំពេញ។ អំណោយទាំងនោះ រួមមានដូចជា អង្ករមួយបេ និងមីកំប៉ុងមួយយួរ ហើយការចែកជូននេះ ធ្វើឡើងនៅផ្ទះឳពុកម្ដាយលោក ដែលលោកទើបតែសាងសងជូនអ្នកមានគុណកាលពីពេលថ្មីៗកន្លងទៅ។ អំណោយទាំងអស់នោះទៀតសោត ក៏មិនបានធ្វើឡើងឱ្យពេញលេញ ឬចែកផ្ទាល់ដៃជូនពួកគាត់ដូចរាល់ដងដែរ ដោយសារតែចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ។

ឧកញ៉ា ម៉េន កានី ចុះចែកអំណោយជូនពលរដ្ឋក្នុងគ្រោះទឹកជំនន់ នាពេលកន្លងមក

ឧកញ៉ា ម៉េន កានី អគ្គនាយកក្រុមហ៊ុន GM TRADING CO.LTD និងជាម្ចាស់គម្រោងបុរី GM ជាសប្បុរជនមួយរូប ក្នុងចំណោម អ្នកឧកញ៉ា ឧកញ៉ា និងសប្បុរជនផ្សេងៗទៀត ដែលតែងតែចេញមុខ ចំណាយធនធាន ថវិកា ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ជួយដល់ប្រជាពលរដ្ឋរងការខ្វះខាតក្នុងសង្គមជាហូរហែ ដូចភ្លៀងរលឹម៕