លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានធ្វើការប្រៀបធៀប ការធ្វើជំនួញប្រៀបដូចការចិញ្ចឹមកូនតូចអ៊ីចឹង។ លោកឧកញ៉ា បានពន្យល់បែបនេះថា ការចិញ្ចឹមកូនតូចគឺយើងត្រូវក្រោកពីព្រលឹមមើលការខុសត្រូវ ថែទាំ បញ្ចុកបាយឬបំបៅដោះ និងងូតទឹកឱ្យពួកគាត់។ ចំណែកការធ្វើជំនួញ យើងត្រូវធ្វើតាំងពីព្រលឹមរហូតដល់យប់ ហើយត្រូវមើលការខុសត្រូវដើម្បីដឹងថា តើយើងមានចំណុចខ្វះខាតអ្វីខ្លះ? តើយើងត្រូវតាម ដានអំពីអ្វី? តើយើងត្រូវកែលម្អអ្វីខ្លះ? តើយើងត្រូវពង្រឹងចំណុច ណាខ្លះ?
លោកឧកញ៉ា បានលើកឡើងថា បើមើលទៅឃើញចំណុចខ្វះខាតយើងត្រូវចុះធ្វើដោយខ្លួនឯង កុំចាំតែបុគ្គលិកធ្វើអី ព្រោះជួនកាលបុគ្គលិកយើងធ្វើអត់បានយកចិត្តទុកដាក់ទេ អាចធ្វើឱ្យក្រុមហ៊ុនយើងដួលរលំបាន។
លោកឧកញ៉ា បានបានលើកជាឧទាហរណ៍ថា ដឹងទេ ហេតុអ្វីនៅស្រុកខ្មែរសហគ្រិនវ័យក្មេងច្រើនតែបរាជ័យក្រោយពេលធ្វើជំនួញមិនយូរប៉ុន្មាន?គឺដោយសារពួកគាត់ចាប់ផ្ដើមធ្វើជំនួញភ្លាមធ្វើនាមប័ណ្ណសុទ្ធតែ CEO ហើយដើរលេងបាត់ៗ ដោយជួលគេមកមើលក្រុមហ៊ុនជំនួស។ ពួកគាត់ដើរលេងសប្បាយ ចាយលុយហ៊ឺហា ខ្ជះខ្ជាយទៅលើរបស់ឥតបានការ ឬរបស់គ្មានប្រយោជន៍ និងប៉ាវមិត្តភក្តិផឹកស៊ីមាននារីកំដរឆ្វេងស្ដាំជាដើម។ ពួកគាត់ភ្លេចគិតថា លុយដែលពួកគាត់កំពុងចាយវាយនោះជាលុយគេ ឬជាលុយចំពាក់គេ ដ្បិតអីពួកគាត់មិនទាន់បង់ថ្លៃផ្ទះ ថ្លៃតូប ថ្លៃទឹក ថ្លៃភ្លើង ថ្លៃពន្ធដារ និងថ្លៃប្រាក់ខែបុគ្គលិកផង។ពួកគាត់ហឺហាភ្លេចខ្លួនចុះឡើងៗស្រាប់តែក្ស័យទុនបាត់ក្រុមហ៊ុនរលំបាត់។
ដូច្នេះដើម្បីបញ្ចៀសហានិភ័យក្នុងការធ្វើជំនួញ លោកឧកញ៉ាបានដាស់តឿនថា យើងត្រូវតែយកចិត្តទុកដាក់តាមដាន និងមើលថែក្រុមហ៊ុនរបស់យើងឱ្យបានដិតដល់ ពិសេសមិនត្រូវចាយវាយខ្ជះខ្ជាយឥតប្រយោជន៍ឡើយ៕
ប្រភព៖ MJQ University Press