ក្នុងពេលប្រទេសកម្ពុជារងការរាតត្បាតនៃមេរោគកូវីដ ១៩ ឃើញថាសកម្មភាពជួយសង្គមក្នុងចំណោមឧកញ៉ាធំៗ មានការផ្ទុះការចាប់អារម្មណ៍ពីមហាជនយ៉ាងខ្លាំង។ ក្នុងឆ្នាំ ២០២១ នេះ ឧកញ៉ា ៤ រូបហាក់ចេញសកម្មភាពរយ៉ាងផុលផុសជាងគេ។
អ្នកឧកញ៉ាគិត ម៉េង

អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរូបនេះ តែងតែចេញមុខផ្តល់ជំនួយមនុស្សធម៌ ឆ្លើយតបការអំពាវនាវពីរដ្ឋាភិបាល។ អ្នកឧកញ៉ាគិត ម៉េង និងភរិយា បានបរិច្ចាគថវិការាប់លានដុល្លារជាមួយរដ្ឋាភិបាលជាបន្តបន្ទាប់។ សកម្មភាពថ្មីចុងក្រោយនេះ គឺអ្នកឧកញ៉ាបានផ្តល់ថវិកា២លានដុល្លារអាមេរិកដល់រដ្ឋាភិបាលឡាវ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា

ចាប់តាំងជំងឺកូវីដ១៩ បានផ្ទុះរាលដាលក្នុងទេសកម្ពុជាមកដល់ពេលបច្ចុប្បន្ន អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានបរិច្ចាគថវិកាមិនក្រោម ១០លានដុល្លារនោះទេ។ អតីតពលករនៅកូរ៉េដែលវិវឌ្ឍខ្លួនជាអ្នកជំនួញអចលនទ្រព្យធ្លាប់បានពោលពាក្យពេចន៍ដ៏ចាក់ដោតថា កើតនៅក្នុងប្រទេសកម្ពុជា ដូច្នេះការចូលរួមចែករំលែកជួយសង្គម ពេលសង្គមត្រូវការ និងរួមសុខ រួមទុក្ខ ជាមួយរាជរដ្ឋាភិបាល គឺជាកាតព្វកិច្ចដ៏ចម្បងរបស់អ្នកឧកញ៉ា និងក្រុមគ្រួសារ ដែលមិនអាចឈរឱបដៃឱបដៃដោយមិនខ្វល់ខ្វាយបានឡើយ។
អ្នកឧកញ៉ា ចេន ហ្ស៊ី

អ្នកឧកញ៉ាដែលមានដើមកំណើតចិនរូបនេះ ក៏តែងតែចេញមុខជួយដល់សង្គមដោយផ្ទាល់ និងជាមួយរាជរដ្ឋាភិបាល។ ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប អ្នកឧកញ៉ាបានផ្តួចផ្តើមបង្កើតអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ដោយបានរៀបចំកម្មវិធីសប្បុរសធម៌សរុបជាង ២៤០ លើក ប្រមូលថវិកាបានជាង ៧,៦៥ លានដុល្លារអាមេរិកជួយដល់ពលរដ្ឋកម្ពុជាជាង ៣០ ម៉ឺននាក់៕
ក្រុមហ៊ុនជីប ម៉ុង

យោងតាមការផ្សាយលើហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលមានអ្នកឧកញ៉ា លាង ឃុន ជាអគ្គនាយកកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ចាប់តាំងពីឆ្នាំ២០២០ មកទល់នឹងពេលនេះក្រុមហ៊ុន ជីប ម៉ុង បានបរិច្ចាគថវិកាប្រមាណ ១០ លាន ៦ សែនដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការ រីករាលដាលនៃមេរោគកូវីដ-១៩។
ក្រុមហ៊ុន ជីប ម៉ុង ដែលមានសម្ព័ន្ធក្រុមហ៊ុនជិត ១០ ក៏បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាសម្រាប់សកម្មភាពសង្គម។ ជាកាយវិការគួរឲ្យកោតសរសើរថែមទៀត ក្នុងអំឡុងទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីឡាវនៅកម្ពុជាកាលពីសប្តាហ៍មុននេះក្រុមហ៊ុនជីបម៉ុង ក៏បានរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាបរិច្ចាកថវិកា ២ លានដុល្លារដល់រដ្ឋាភិបាលឡាវ ខណៈដែលប្រទេសភូមិផងកម្ពុជានេះកំពុងប្រយុទ្ធនិងរងគ្រោះពីការរាតត្បាតជំងឺកូវីដ១៩៕