អ្នក​ឧកញ៉ា​ម៉ុង ឫទ្ធី រំលឹក​លូ ១២ កង់ តាម​ផ្លូវ​ជាតិ​លេខ ២ មាន​ប្រវត្តិ​ជាង ៤០ ឆ្នាំ

ជុំវិញ​ឧកញ៉ា

អ្នក​ឧកញ៉ា​ម៉ុង ឫទ្ធី កាល​ពី​ប៉ុន្មានថ្ងៃ​មុន​នេះ បាន​ធ្វេី​ដំណើរ​ឆ្លងកាត់​តាម​បណ្ដោយ​ផ្លូវ​ជាតិ ​២​ ដែល​កំពុង​ស្ថាបនា​ ហើយ​ចៃដន្យ​ប្រទះឃើញ​កម្មករ​កំពុង​រុះ​រើ​លូ​មុខ ១០០ ចំនួន ១២ កង់ ដែល​មក​ដល់​ពេល​នេះ​មាន​អាយុ​កាល​ជាង ៤០​ ឆ្នាំ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នក​ឧកញ៉ា​មាន​ងារ​ជា​សេដ្ឋី​កសិកម្ម​បាន​រំលឹក​​ពី​ប្រវត្តិ​លូ ១២ កង់​នេះដែលទីតាំង​នៅក្បែរ​បង្គោល​គីឡូម៉ែត្រ​លេខ ៥០ តាម​ផ្លូវជាតិលេខ ២ ដែល​កម្មករ​កំពុង​រុះរើ​ចេញ ដេីម្បី​​សាងសង់​សារជាថ្មី​ឡេីងវិញ​។

អ្នក​ឧកញ៉ា​​រំលឹក​ពី​ប្រវត្តិ​នៃទីតាំងលូ​ដែលក្រុម​កម្មករ​កំពុង​រុះរើ​នេះថា កាលពី​សម័យសង្គ្រាម​ឆ្នាំ​៧០-៧៥​ ទីតាំង​លូនេះ​​​ត្រូវ​បាន​ដាក់មីន​កាត់ផ្តាច់។​ ក្រោយ​រំដោះ​ថ្ងៃ​៧មករា​ឆ្នាំ​១៩៧៩​ ប្រជាជន​មូលដ្ឋាន​បាននាំគ្នា​យកឈេី​ មកធ្វេីស្ពាន​ឆ្លង​ជា​បណ្ដោះ​អាសន្ន។​ ដោយសង្កេតឃេីញថា​មាន​ហានិភ័យ​ខ្ពស់​ អ្នក​ឧកញ៉ា​ក៏បាន​ដឹកលូ​មុខ​១ម៉ែត្រ​ចំនួន​១២កង់យកទៅ​ដាក់​ ជំនួស​បាន​ប្រេីប្រាស់អស់​រយៈពេល​ជិត៤០ឆ្នាំ​​។

ទាក់ទង​ការ​រុះរើ​លូ​ចាស់​ចោល​ដែល​បង្កប់​​ប្រវត្តិ​អនុស្សាវរី​ពី​អតីត​កាល​នេះ អ្នក​ឧកញ៉ា​ក៏​​រីករាយ​ឥតឧបមា ជា​ការ​បង្ហាញ​នូវ​ដំណើរ​ទៅ​មុខ​នៃ​ការអភិវឌ្ឍ​ស្រុកទេស ​​ក្រោម​ការ​ដឹក​នាំ​របស់​ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ ហ៊ុន សែន​។

អ្នក​ឧកញ៉ាម៉ុង ឫទ្ធី ត្រូវ​បាន​គេ​ដឹង​ថា​​មាន​ដើម​កំណើត​ជាអ្នក​ខេត្ត​តាកែវ ដែល​ជា​ស្ថាបនិក​នៃក្រុម​ហ៊ុន Mong Rithy Group Ltd ដែល​​ផ្តោត​លើ​វិស័យកសិកម្ម។ បច្ចុប្បន្ន​ក្រៅពី​មាន​មុខជំនួញជាច្រើន​នៅក្នុងដៃ អ្នក​ឧកញ៉ា​ក៏​ជា​សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ៕